ក្រុមហ៊ុន BYD កំពុងសាងសង់រោងចក្រមានទំហំធំជាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទៅទៀតពេលរួចរាល់

29-11-2025 09:12

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD កំពុងសាងសង់មជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) ដ៏ធំសម្បើមមួយ ដែលនឹងគ្របដណ្តប់លើផ្ទៃដីធំជាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូទាំងមូលទៅទៀត។ រោងចក្រដ៏ធំសម្បើមមួយនេះ រួមបញ្ចូលខ្សែសង្វាក់ផ្គុំរថយន្ត EV, រោងចក្រផលិតអាគុយ និងដើរតួនាទីជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ទាំងអស់ ព្រមទាំងប្រែក្លាយទៅជាតំបន់ផលិតកម្មដ៏ធំជាបន្តបន្ទាប់។

មាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមកនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការបង្កើត «ទីក្រុងឧស្សាហកម្ម» សម្រាប់ថាមពលស្អាត។ តាមរយៈការបង្រួបបង្រួមខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញ BYD អាចបង្កើនល្បឿនផលិតកម្ម និងកាត់បន្ថយថ្លៃដើមយ៉ាងខ្លាំង ដែលអាចឱ្យស្ទើរតែគ្រប់សមាសធាតុទាំងអស់នៃរថយន្តអគ្គិសនីត្រូវបានផលិតនៅនឹងកន្លែង។

គួរជម្រាបថា រោងចក្រនេះនឹងដំណើរការជាទីក្រុងឯករាជ្យមួយដែលមានមជ្ឈមណ្ឌលលំនៅដ្ឋាន និងភស្តុភារកម្ម ដែលមានសមត្ថភាពផលិតរថយន្ត EV រាប់លានគ្រឿងជារៀងរាល់ឆ្នាំ។ រោងចក្រដ៏ធំសម្បើមរបស់ BYD គូសបញ្ជាក់ពីមាត្រដ្ឋាន និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបដិវត្តន៍រថយន្តអគ្គិសនីសកល៕