អ៊ីរ៉ង់ នឹងធ្វើពហិការការចាប់ពូលព្រឹត្តិការណ៍ World Cup ដោយសារការរឹតត្បិត Visa

29-11-2025 09:15

(បរទេស)៖ សហប័ន្ធបាល់ទាត់អ៊ីរ៉ង់ FFIRI បានបង្ហាញបំណងនឹងធ្វើពហិការនៅកម្មវិធីចាប់ឆ្នោតបែងចែកពូលការព្រឹត្តិការណ៍ FIFA World Cup 2026 ដែលនឹងរៀបចំនៅសប្តាហ៍ក្រោយ ដោយសារតែចំនួនទិដ្ឋាការ (Visa) មានកំណត់ដែលត្រូវបានបែងចែកទៅឱ្យសហព័ន្ធបាល់ទាត់របស់ប្រទេស។

យោងតាមកាសែត Tehran Times បានចេញផ្សាយថា សហរដ្ឋអាមេរិកបានចេញទិដ្ឋាការដល់សមាជិកគណៈប្រតិភូអ៊ីរ៉ង់ តែបួននាក់ប៉ុណ្ណោះ ដោយសំណើសុំទិដ្ឋាការបន្ថែមចំនួន ៣ទៀតត្រូវបានបដិសេធ រួមទាំងទិដ្ឋាការមួយសម្រាប់ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) លោក Mehdi Taj ។

អ្នកនាំពាក្យរបស់សហប័ន្ធបាល់ទាត់អ៊ីរ៉ង់ FFIRI លោក Mehdi Alavi បានឱ្យដឹងកាលពីថ្ងៃសុក្រថា «យើងបានជូនដំណឹងដល់ FIFA ថា ការសម្រេចចិត្តដែលបានធ្វើឡើងមិនទាក់ទងសកម្មភាពកីឡាទេ ក៏ប៉ុន្តែសមាជិកនៃគណៈប្រតិភូអ៊ីរ៉ង់ នឹងមិនចូលរួមក្នុងការចាប់ឆ្នោតព្រឹត្តិការណ៍ World Cup នោះទេ»

ហើយតាមរយៈបញ្ហានេះ លោក Mehdi Alavi បានបន្តឱ្យដឹងទៀតថា សហព័ន្ធបានទាក់ទងជាមួយស្ថាប័ន FIFA ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍នេះផងដែរ ។

សូមជម្រាបផងថា ការចាប់ឆ្នោតបែងចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2026 ជុំចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌល Kennedy ក្នុងទីក្រុង Washington D.C. ។

World Cup 2026 ជំនាន់ទី២៣ នេះ គឺត្រូវបានស្ថាប័ន FIFA សម្រេចបង្កើនក្រុមដល់ ៤៨ក្រុម ដោយមានសហម្ចាស់ផ្ទះរួមគ្នារវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលត្រូវចាប់ផ្តើមលេងនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។

ការប្រកួតនឹងត្រូវលេងនៅទីលានចំនួន១៦ ដោយមានចំនួន ៣ទីលានមាននៅម៉ិកស៊ិក និង ២ទីលានមាននៅកាណាដា។ ខណៈក្រុមជម្រើសជាតិអ៊ីរ៉ង់ នេះជាលើកទី៤ ជាប់គ្នាដែលបានឈានដល់ជុំចុងក្រោយនៅការប្រកួត FIFA World Cup និងជាលើកទី៧ នៃប្រវតិ្តការឈានដល់ជុំចុងក្រោយនេះ ៕