ការលក់ទំនិញតាម Online ក្នុងថ្ងៃ Black Friday នៅសហរដ្ឋអាមេរិក រកលុយបាន ជិត៩ពាន់លានដុល្លារ

29-11-2025 10:00

(បរទេស)៖ យោងតាមរបាយការណ៍ពីក្រុមហ៊ុនវិភាគទិន្នន័យ Adobe Analytics បានឲ្យដឹងថានៅក្នុងថ្ងៃ Black Friday ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ការលក់តាមអ៊ីនធឺណិតនៅសហរដ្ឋអាមេរិករកប្រាក់បានដល់ ៨.៦ ពាន់លានដុល្លារ នៅម៉ោងប្រហែល ៦:៣០ ល្ងាច។ តួលេខនេះកើនឡើង ៩.៤ ភាគរយ ប្រៀបធៀបនឹងឆ្នាំមុន ខណៈពលរដ្ឋជាច្រើនមិនចង់ឈរតម្រង់ជួរទិញទំនិញតាមហាង ដោយសារកត្តាអាកាសធាតុ និងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ។

ការរំពឹងទុកសម្រាប់ថ្ងៃ Black Friday និង Cyber Week ដែលជាថ្ងៃបញ្ចុះតម្លៃក្នុងថ្ងៃពិសេសណាមួយ ត្រូវបាន Adobe បានប៉ាន់ប្រមាណថា នឹងឈានដល់រវាង ១១.៧ ពាន់លានដុល្លារ ដល់ ១១.៩ ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុតគេធ្លាប់មាន។ សម្រាប់ចុងសប្ដាហ៍ដូចជា ថ្ងៃសៅរ៍រំពឹងមានការលក់ប្រមាណ ៥.៥ ពាន់លានដុល្លារ, ថ្ងៃអាទិត្យរំពឹងប្រមាណ ៥.៩ ពាន់លានដុល្លារ និងភាគរយទាំងពីរលើកនេះក៏កើនឡើងលើសឆ្នាំមុនផងដែរ ដោយផ្អែកលើកម្រិតការបញ្ចុះតម្លៃនៅតាមគេហទំព័រទំនិញ។ ពិសេសគេរំពឹងថា សម្រាប់ការលក់បញ្ចុះតម្លៃក្នុងថ្ងៃពិសេសនានា នឹងក្លាយជាថ្ងៃលក់តាមអ៊ីនធឺណិតធំបំផុត បង្ហាញសក្តានុពលឈានដល់ ១៤.២ ពាន់លានដុល្លារកើនឡើងជាង ៦ ភាគរយពីឆ្នាំមុន។

ការបញ្ចុះតម្លៃធំៗ ជាពិសេសនៅផ្នែកអេឡិចត្រូនិក ក្រម៉ា អំបោះ និងវត្ថុក្មេងលេង បានទាក់ទាញអ្នកទិញឱ្យធ្វើការទិញតាមអ៊ីនធឺណិតជាច្រើន។ ការទិញតាមទូរស័ព្ទចល័តក៏មានការកើនឡើង ប្រជាជនជាច្រើនជ្រើសរើសទិញពីដំបូង ដើម្បីជៀសវាងការឈរចាំតាមហាង។ អ្នកទិញជាច្រើនក៏បានប្រើឧបករណ៍ AI និងកម្មវិធីស្វែងរកតម្លៃ ដើម្បីរកឱ្យបានកាដូឬផលិតផលដែលមានតម្លៃល្អបំផុត។

តាម Adobe បានរំពឹងថា ការលក់តាមអ៊ីនធឺណិតសរុបសម្រាប់រដូវបុណ្យចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ នឹងឈានដល់ប្រហែល ២៥៣.៤ ពាន់លានដុល្លារ កើនឡើងជាង ៥ ភាគរយពីឆ្នាំមុន។ ក្នុងចន្លោះថ្ងៃពិសេសដូចជា Thanksgiving និង Black Friday ការលក់ក្នុងឧស្សាហកម្មទំនិញតាមអ៊ីនធឺណិតអាចរកចំណូលប្រមាណ ៤៣.៧ ពាន់លានដុល្លារ ដែលមានចំនួនប្រមាណ ១៧ ភាគរយនៃការលក់សរុប៕