TSMC ប្តឹង និងឆែកឆេរផ្ទះអតីតអនុប្រធានជាន់ខ្ពស់រឿងលួចអាថ៌កំបាំងបច្ចេកវិទ្យា ខណៈ Intel ចេញមុខបដិសេធ
29-11-2025 10:06
(បរទេស)៖ ព្រះរាជអាជ្ញាតៃវ៉ាន់បានធ្វើប្រតិបត្តិការឆែកឆេរផ្ទះរបស់លោក Wei-Jen Lo ដែលជាអតីតអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស TSMC កាលពីពេលថ្មីៗនេះ និងបានរឹបអូសយកភស្តុតាងដូចជាកុំព្យូទ័រ និងឧបករណ៍ផ្ទុកទិន្នន័យជាដើម។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពី TSMC បានដាក់ពាក្យប្តឹងលោក Lo ទៅកាន់តុលាការ ដោយចោទប្រកាន់ថា លោកបានបំពានច្បាប់សន្តិសុខជាតិ និងសង្ស័យថា «មានប្រូបាប៊ីលីតេខ្ពស់ដែល Lo ប្រើប្រាស់ បង្ហើប លាតត្រដាង ឬផ្ទេរអាថ៌កំបាំងពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់របស់ TSMC ទៅឱ្យក្រុមហ៊ុន Intel» ដែលជានិយោជកបច្ចុប្បន្នរបស់លោក។ លោក Lo បានចូលរួមជាមួយក្រុមហ៊ុន Intel កាលពីខែតុលា ក្រោយចូលនិវត្តន៍ពី TSMC ក្នុងអាជីពរយៈពេល ២១ ឆ្នាំ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការតៃវ៉ាន់ក៏បានអនុម័តសំណើសុំរឹបអូសយកភាគហ៊ុន និងអចលនទ្រព្យរបស់លោក Lo ផងដែរ ដើម្បីធានាដល់ការស៊ើបអង្កេត។ គួររំលឹកថា លោក Lo ជាបុគ្គលសំខាន់ដែលបានជួយជំរុញការផលិតបន្ទះឈីបកម្រិតខ្ពស់ដូចជា 5-nm, 3-nm, និង 2-nm របស់ TSMC ។ ការប្តឹងផ្តល់នេះបានកើតឡើងបន្ទាប់ពី TSMC បានមើលឃើញពីភាពចាំបាច់ក្នុងការចាត់វិធានការផ្លូវច្បាប់។
យ៉ាងណាមិញ ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក បានចេញមុខបដិសេធចំពោះការចោទប្រកាន់នេះភ្លាមៗ ដោយអះអាងថា «ផ្អែកលើអ្វីគ្រប់យ៉ាងដែលយើងដឹង យើងគ្មានហេតុផលអ្វីដែលត្រូវជឿថា មានការចោទប្រកាន់ណាមួយទាក់ទងនឹងលោក Lo នោះទេ»។ Intel បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនមានគោលការណ៍តឹងរ៉ឹងដែលហាមឃាត់ការប្រើប្រាស់ព័ត៌មានសម្ងាត់របស់ភាគីទីបី។
ក្រុមហ៊ុន Intel បានការពារលោក Lo ដោយលើកឡើងថា លោកត្រូវបានគេគោរពយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មសម្រាប់ភាពស្មោះត្រង់ និងជំនាញរបស់លោក ហើយបានបន្ថែមថា «ការផ្លាស់ប្តូរទេពកោសល្យឆ្លងកាត់ក្រុមហ៊ុនគឺជាផ្នែកមួយធម្មតា និងមានប្រយោជន៍នៃឧស្សាហកម្មរបស់យើង ហើយស្ថានភាពនេះក៏មិនខុសគ្នាដែរ»៕












