ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជា «Vattanac Legends Championship Legacy Edition» ​រកឃើញម្ចាស់ជ័យលាភី, អ្នកឧកញ៉ា សំ អាង ប្រគល់ពានរង្វាន់ដោយផ្ទាល់

29-11-2025 12:23

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជា «Vattanac Legends Championship Legacy Edition» ដែលបានបើកការប្រកួតត្រូវបានធ្វើឡើងនៅក្នុងទីលានតែមួយ ដ៏ប្រណីតស្រស់ស្អាត គឺវឌ្ឍនៈ ហ្គោល រីសត ក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា បានរកឃើញម្ចាស់ជ័យលាភីហើយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយក្នុងនោះអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិក វឌ្ឍនៈ គ្រុប (Vattanac Group) ជាអ្នកប្រគល់ពានរង្វាន់នេដោយផ្ទាល់។

អ្នកឧកញ៉ា សំ អាង បានថ្លែងថា ក្នុងនាម វឌ្ឍនៈ គ្រុប (Vattanac Group) និង វឌ្ឍនៈ ហ្គោល រីសត (Vattanac Golf Resort) យើងពិតជាមានកិត្តិយស ប្រកបដោយមោទនភាពសម្រាប់ការអញ្ជើញចូលរួមធ្វើជាសក្ខីភាព នៃពិធីប្រគល់ពានរង្វាន់នៃកម្មវិធី «Vattanac Legends Championship Legacy Edition»។ សប្តាហ៍នេះ ពិតជាមានអត្ថន័យដ៏ធំធេង និងពិសេសបំផុតសម្រាប់យើងទាំងអស់គ្នា។ នេះជាលើកដំបូង ជាប្រវត្តិសាស្ត្រនៃ Legends Tour ដែលការប្រកួតត្រូវបានធ្វើឡើងនៅក្នុងទីលានតែមួយ ដ៏ប្រណីតស្រស់ស្អាតគឺ វឌ្ឍនៈ ហ្គោល រីសត ក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា។ ទម្រង់នៃការប្រកួតវាយកូនហ្គោលដ៏អស្ចារ្យ មិនធ្លាប់មាននៅប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងភាពជឿជាក់ខ្លាំងរបស់កីឡាករ Legends Tour ដែលមានចំពោះកម្ពុជា ព្រមទាំងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា សម្រស់នៃទីលានវាយកូនហ្គោលខាងកើត និងខាងលិច និងចំពោះវិជ្ជាជីវៈរបស់ វឌ្ឍនៈ គ្រុប។ យើងពិតជាមានមោទនភាព ដែលទទួលបាននូវទំនុកចិត្តនេះ ហើយយើងប្តេជ្ញាថា នឹងលើកកម្ពស់ស្តង់ដារ ឱ្យកាន់តែខ្ពស់ថែមទៀត នៅក្នុងឆ្នាំបន្តបន្ទាប់។

អ្នកឧកញ៉ាបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានឃើញនូវការវាយកូនហ្គោលដ៏អស្ចារ្យ។ ក្រុមកីឡាករលំដាប់ពិភពលោកនៃកីឡាវាយកូនហ្គោលនេះ បានបង្ហាញម្តងទៀតនូវភាពប៉ិនប្រសប់ ចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់ដ៏មុតមាំរបស់ពួកគេចំពោះកីឡានេះ។ លោកអ្នកបាននាំមកនូវការបំផុសគំនិត ដល់កីឡាករវាយកូនហ្គោលវ័យក្មេងកម្ពុជា នាំមកនូវភាពសប្បាយរីករាយដល់ទស្សនិកជន និងបង្កើតការចងចាំមិនអាចបំភ្លេចបាន សម្រាប់អ្នកចូលរួមទាំងអស់។ សូមអរគុណ ដែលបានចែករំលែកនូវជំនាញ ស្មារតី និងបេះដូងរបស់លោកអ្នក ជាមួយកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការតម្រង់ទិស និងការគាំទ្រ។ អ្នកឧកញ៉ាពិតជាមានកិត្តិយសយ៉ាងក្រៃលែង ចំពោះការដឹកនាំ និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា សំ អាង ថ្លែងបន្តថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះការលើកទឹកចិត្តជាប្រចាំ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកវិនិយោគនៅកម្ពុជា។ ការប្តេជ្ញាចិត្តរបស់សម្តេចទាំងទ្វេ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ បានបង្កើតនូវបរិយាកាសមួយ ដែលអនុញ្ញាតឱ្យព្រឹត្តិការណ៍កីឡាអន្តរជាតិ អាចរីកចម្រើន និងលូតលាស់បាន នៅក្នុងព្រះរាជាណាចក្ររបស់យើង។ សូមថ្លែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រចំពោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល។ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងលោក លោកស្រី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោកនេះឡើង»។

អ្នកឧកញ៉ាក៏បានថ្លែងជូនចំពោះដៃគូសហការម្ចាស់ឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្ត សូមអរគុណចំពោះការគាំទ្រ និងទំនុកចិត្តរបស់លោកអ្នក។ ដោយយើងទាំងអស់គ្នា បានរួមគ្នាបង្ហាញថា តើកិច្ចសហការ និងចក្ខុវិស័យរួមគ្នា អាចសម្រេចបានអ្វីខ្លះ។ នៅក្នុងឱកាសនេះ សូមសម្តែងនូវការកោតសរសើរ ចំពោះគ្រួសារ វឌ្ឍនៈ គ្រុប ទាំងមូល និង វឌ្ឍនៈ ហ្គោល រីសត។ សមិទ្ធផលនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការប្តេជ្ញាចិត្ត ការលះបង់ និងវិជ្ជាជីវៈរបស់ក្រុមការងាររបស់យើង។

ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ អ្នកទាំងអស់គ្នាបានធ្វើការតាំងពីព្រលឹមទល់ព្រលប់។ អ្នកបានគ្រប់គ្រងប្រតិបត្តិការ ភស្តុភារ បដិសណ្ឋារកិច្ច សន្តិសុខ ការផ្សព្វផ្សាយ ការរៀបចំទីលាន ទំនាក់ទំនងភ្ញៀវ និងរាល់លម្អិតតូចៗ ដើម្បីធានាបាននូវភាពល្អឥតខ្ចោះ។ អ្នកបានបង្ហាញពីសាមគ្គីភាព វិន័យ និងស្តង់ដារសេវាកម្មខ្ពស់បំផុត។ អ្នកបានស្វាគមន៍ពិភពលោកមកកាន់កម្ពុជា ដោយក្តីមោទនភាព និងភាពកក់ក្តៅ។ អ្នកម្នាក់ៗ បានរួមចំណែកធ្វើឱ្យការប្រកួតទាំងនេះ ទទួលបានជោគជ័យសម្រាប់ប្រទេសរបស់យើង។ យើងពិតជាដឹងគុណ និងមានមោទនភាពចំពោះសមាជិកក្រុមការងារ វឌ្ឍនៈ គ្រប់ៗរូប។
ជូនចំពោះម្ចាស់ជ័យលាភី នៃកម្មវិធី «Vattanac Legends Championship Legacy Edition» យើងខ្ញុំសូមចូលរួមអបអរសាទរ យ៉ាងកក់ក្តៅ និងស្មោះស្ម័គ្របំផុត។ ការលេងរបស់អ្នកនៅសប្តាហ៍នេះ ពិតជាអស្ចារ្យ និងជាការបំផុសគំនិត។ អ្នកមិនត្រឹមតែបានបង្ហាញនូវជំនាញកម្រិតពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការតាំងចិត្ត ភាពរាបទាប និងទឹកចិត្តកីឡា ដែលជាអត្តសញ្ញាណនៃជើងឯកពិតប្រាកដ។ ជ័យជម្នះរបស់អ្នកនៅកម្ពុជា នឹងត្រូវបានចងចាំដោយក្តីមោទនភាព។ អ្នកពិតជាស័ក្តិសម ក្នុងការកត់ត្រាឈ្មោះ ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ៕