Baidu ចាប់ផ្តើមបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ក្រោយខាតបង់ និងការប្រកួតប្រជែង AI កាន់តែខ្លាំង
29-11-2025 12:27
(បរទេស)៖ ក្រុមហ៊ុន Baidu ដែលជាក្រុមហ៊ុនប្រតិបត្តិករម៉ាស៊ីនស្វែងរកធំជាងគេរបស់ចិន បានចាប់ផ្តើមយុទ្ធនាការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនៅសប្តាហ៍នេះ បន្ទាប់ពីខ្លួនបានរាយការណ៍ពីការខាតបង់ក្នុងត្រីមាសទី ៣។ គោលបំណងនៃការកាត់បន្ថយនេះ គឺដើម្បីដោះស្រាយការប្រកួតប្រជែងកាន់តែខ្លាំងក្លាក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងការធ្លាក់ចុះជាបន្តបន្ទាប់នៃចំណូលពីការផ្សាយពាណិជ្ជកម្មអនឡាញ។ ការបញ្ឈប់បុគ្គលិកនេះត្រូវបានរំពឹងថានឹងបន្តរហូតដល់ចុងឆ្នាំ ២០២៥ ហើយនឹងប៉ះពាល់ដល់អង្គភាពអាជីវកម្មជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ប្រភពចំនួន ៦ ដែលដឹងពីបញ្ហានេះបាននិយាយថា ការកាត់បន្ថយបុគ្គលិកត្រូវបានគេយល់ឃើញថាមានទំហំធំ ហើយចំនួនអាចឡើងដល់ជាង ៤០% សម្រាប់ក្រុមការងារមួយចំនួន ជាពិសេសអង្គភាពប្រព័ន្ធអេកូឡូស៊ីចល័ត (Mobile Ecosystem Group) នឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ ទោះជាយ៉ាងណា ក្រុមហ៊ុនមានបំណងការពារតួនាទីសំខាន់ៗដែលពាក់ព័ន្ធនឹង AI និង Cloud Computing ដោយប្រភពបានបញ្ជាក់ថា ធនធានកាន់តែច្រើននឹងត្រូវបានបញ្ជូនទៅកាន់វិស័យ AI ដើម្បីជំរុញការរីកចម្រើនទៅមុខ។
គួរជម្រាបថា ការសម្រេចចិត្តកាត់បន្ថយនេះកើតឡើងបន្ទាប់ពី Baidu បានខាតបង់ទឹកប្រាក់សុទ្ធចំនួន ១១.២៣ ពាន់លានយ័ន (ប្រមាណ ១.៥៩ ពាន់លានដុល្លារ) ក្នុងត្រីមាសទី ៣ ខណៈចំណូលផ្សាយពាណិជ្ជកម្មអនឡាញបានធ្លាក់ចុះ ១៨%។ ទោះបីជា Baidu ជាក្រុមហ៊ុនចិនដំបូងគេដែលចេញម៉ូដែល AI ដូច ChatGPT គឺ Ernie ក៏ដោយ ក៏វានៅតែតស៊ូប្រកួតប្រជែងជាមួយគូប្រជែងខ្លាំងៗដូចជា Doubao របស់ ByteDance ដែលមានអ្នកប្រើប្រាស់ប្រចាំខែលើសពី Baidu ដល់ទៅជាង ១០ ដង។ ការកាត់បន្ថយការងារនេះគឺជាយុទ្ធសាស្ត្ររបស់ Baidu ក្នុងការកាត់បន្ថយថ្លៃដើម និងរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីផ្តោតលើអនាគតបច្ចេកវិទ្យាស្នូលរបស់ខ្លួន ដូចក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតនៅចិន និងសហរដ្ឋអាមេរិកបានធ្វើ៕










