តារាចម្រៀងល្បីៗរបស់កម្ពុជា ក្នុងផលិតកម្ម «Baramey Production» ចេញទៅប្រទេសបារាំង ចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី «Rise for Khmer»

29-11-2025 16:28

(ភ្នំពេញ)៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា ប្រចាំនៅផលិតកម្ម Baramey Production បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រី Rise for Khmer ដែលនឹងប្រព្រឹត្តិទៅនៅសាល Salle Pleyel នាទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការរៀបចំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ (KAA)។ ក្រោមប្រធានបទ «BARAMEY IN PARIS» ព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះ នឹងនាំយកតារាចម្រៀងកម្ពុជា ដ៏មានឥទ្ធិពលបំផុតចំនួន ៥រូប ទៅកាន់កន្លែងមួយ ដែលពួកគេនឹងបង្ហាញឱ្យឃើញពីការច្នៃប្រឌិតរបស់ខ្មែរ ការឯកភាព សាមគ្គីភាព និងក្តីករុណា នៅលើវេទិការវប្បធម៌លំដាប់អន្តរជាតិមួយនៅទ្វីបអឺរ៉ុប។

ព្រឹត្តិការណ៍នេះ មិនមែនត្រឹមជាការប្រគំតន្ត្រីទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ ដែលបញ្ចូលសម្លេង ចង្វាក់បេះដូង និងអត្តសញ្ញាណរបស់ខ្មែរ ដើម្បីលើកកម្ពស់សិល្បៈ និងតន្ត្រីកម្ពុជាទៅកាន់ពិភពលោក។
ក្រោមការរៀបចំដោយ​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ព្រឹត្តិការណ៍ «Rise For Khmer» នឹងបង្ហាញពីភាពឯកភាព សាមគ្គីភាព និងស្នាដៃច្នៃប្រឌិតរបស់សិល្បករខ្មែរ នៅលើវេទិកាអឺរ៉ុបយ៉ាងខ្ពង់ខ្ពស់​ ដែលភ្ជាប់មោទនភាពជាតិជាមួយចង្វាក់បេះដូងខ្មែរ។

ក្នុងឱកាសនេះដឹកនាំសិល្បករ ចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់សាធារណរដ្ឋបារាំង​ កញ្ញា ឡូរ៉ា ម៉ម តំណាងផលិតកម្ម Baramey រួមជាមួយជាតារាចម្រៀង ប្រកបដោយទេពកោសល្យទាំងអស់ បានបង្ហាញសុទិដ្ឋិនិយមថា ការសហការជាមួយសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ជាប្រធានក្នុងការនាំសិល្បៈខ្មែរ​ឡើងសម្ដែងលើវេទិកាបារាំង នាពេលនេះ នឹងទទួលបានជោគជ័យជាក់ជាមិនខាន។

កញ្ញា ឡូរ៉ា ម៉ម បានថ្លែងប្រាប់ថា ការ​បាន​ទៅ​សម្ដែង​នៅ Salle Pleyel គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ក្រុម​តន្ត្រី ​មាន​​ន័យ​ថា​ ជា​លើក​ដំបូង​របស់​សិល្បករ​ផ្នែក​ចម្រៀង ដែលបាន​ទៅ​សម្ដែង​ទីនោះ។ តែ​ដោយសារ វណ្ណដា ធ្លាប់​បាន​ទៅ​សម្ដែង​បិទ​ការ​ប្រកួត​អូឡាំពិក​រដូវ​ក្ដៅ​កាលពី​ឆ្នាំ​មុន​នៅ​បារាំង ទើប​គេ​ដឹង​ពី​កេរ្តិ៍ឈ្មោះ​របស់ខ្មែរ។ ការ​ទៅ​សម្ដែង​នៅ Salle Pleyel ក្រោម​ប្រធានបទ «Rise for Khmer» លើស​ពី​ការ​ប្រគំតន្ត្រី ហើយ​ក៏​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ជនជាតិ​ខ្មែរ​ ដែល​រស់នៅ​បរទេស​ថែម​ទៀត​ផង។ កញ្ញា​ជឿជាក់​ថា ​ការ​សម្ដែង​នឹង​ជោគជ័យ ព្រោះ​សិល្បករ​ទាំង ៥ មាន​សំឡេង​បែប​ទំនើប និង​សមត្ថភាព រួម​ជាមួយ​បច្ចេកទេស​គ្រប់គ្រាន់ ហើយ​មិន​ថា​តែ​បារាំង​ទេ ទោះ​នៅ​អាមេរិក ឬ​នៅ​ទីណា​ក៏​នឹង​មាន​ការចូលចិត្តស្រលាញ់​សំឡេង​ខ្មែរ។ សំឡេង​ខ្មែរគឺ​ពិសេស ហើយ​ពិភពលោក​មិន​ទាន់​ស្ដាប់ ហើយ​ពេល​ដែល​ស្ដាប់ គេ​នឹង​ស្រលាញ់។

ចំណែកតារាចម្រៀងរ៉េបដ៏ល្បីលោក វណ្ណដា បានបញ្ជាក់ដោយខ្លី​ថា លោក​បាន​ទៅ​បារាំង​លើក​ទី​២។ តែ​លើក​នេះ​ពិតជា​អស្ចារ្យ និង​រំភើប​ជាង​ពេល​មុន ព្រោះ​បាន​សម្ដែង​ពេញលេញ។ ទៅ​លើក​នេះ​ក្រុម​តារា​បារមី នឹងទទួលបានភាព​ជោគជ័យ ហើយ​នឹង​បាន​បង្ហាញ​ពី​វប្បធម៌​ខ្មែរ ទៅ​កាន់​អ្នក​នៅ​បារាំង​ទាំងអស់​គ្នាបានឃើញ និងស្គាល់កាន់តែច្បាស់។

ព្រឹត្តិការណ៍ «Rise for Khmer» គឺមានន័យលើសពីការប្រគំតន្ត្រី។ វាជាការប្រមូលផ្តុំសម្លេងរបស់ខ្មែរ តាមរយៈសិល្បករ អ្នករៀបចំកម្មវិធី និងសហគមន៍អន្តរជាតិ ដែលរួមគ្នាជាមួយគោលបំណងដូចគ្នា ដើម្បីអបអរសាទរអត្តសញ្ញាណខ្មែរ, លើកកម្ពស់សិល្បៈ និងតន្ត្រីកម្ពុជាទៅកាន់សកលលោក, ពង្រឹងការសាមគ្គីភាព និងលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ពីបញ្ហាព្រំដែនកាលពីពេលថ្មីៗនេះ។

ព្រឹត្តិការណ៍វប្បធម៌ដ៏ធំជាលើកដំបូងនេះ នឹងឆ្លុះបញ្ចាំងពីកម្លាំងរបស់ប្រទេសកម្ពុជា ដែលពោរពេញដោយភាពច្នៃប្រឌិត ហើយកំពុងបន្តរីកលូតលាស់យ៉ាងអស្ចារ្យ។ វាក៏ជាកិត្តិយសមួយរបស់សហគមន៍ខ្មែរនៅបរទេស ជាមួយនឹងមោទនភាព និងចង្វាក់បេះដូងវប្បធម៌របស់ពួកគេកំពុងខ្ទរខ្ទារនៅលើពិភពលោក។ តាមរយៈតន្ត្រីការដំណាលរឿង និងសកម្មភាពរួមគ្នា «Rise for Khmer» នឹងបង្ហាញពីការពិតដ៏អស្ចារ្យមួយ ពោលគឺ នៅពេលសិល្បៈនាំមុខ និងការរួបរួមនឹងមកតាមក្រោយ។

សំឡេងរួមគ្នារបស់ VannDa, Vanthan, Norith, YuuHai និង Suzana (រ៉េត ស៊ូហ្សាណា) នឹងតំណាងឱ្យយុគសម័យថ្មីនៃតន្ត្រីកម្ពុជា ដែលនឹងបង្ហាញពីភាពខ្លាំង ប្លែក និងបានចាក់ឫសយ៉ាងជ្រៅក្នុងអត្តសញ្ញាណខ្មែរ។ ការរួមគ្នាលើឆាកតន្ត្រីតែមួយនេះ មិនត្រឹមតែសមិទ្ធផលសិល្បៈតែប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលគ្នាក្នុងនាមកម្ពុជា ជាអ្នកផ្សព្វផ្សាយវប្បធម៌លើវេទិកាពិភពលោក។
សូមបញ្ជាក់ថា Baramey Production បានបង្កើតឡើងនៅឆ្នាំ២០១៦ ដែលផលិតកម្ម Baramey ជាស្លាកយីហោក្រុមហ៊ុនផលិតកម្មវិធី និងស្ទូឌីយ៉ូប្រកបដោយភាពច្នៃប្រឌិត ឈានមុខគេនៅកម្ពុជា។ Baramey បានអភិវឌ្ឍតារាចម្រៀង និងសិល្បករដ៏មានឥទ្ធិពលយ៉ាងច្រើនរូប រួមមាន VannDa, Vanthan, Norith, YuuHai និង Suzana។ ក្រុមហ៊ុននេះក៏បានផលិតកម្មវិធីទូរទស្សន៍ កម្មវិធីប្រគំតន្ត្រី និងការកិច្ចសហការលក្ខណៈអន្តរជាតិ ដើម្បីនាំយកសិល្បៈ និងការច្នៃប្រឌិតរបស់ខ្មែរ ទៅកាន់ទីផ្សារពិភពលោកយ៉ាងច្រើន៕