សាលាអន្តរជាតិទំនើប ដែលផ្តល់កម្មវិធីសិក្សាបែបទំនើប និងប្រកបដោយគុណភាព បើកសម្ពោធជាផ្លូវការសាខាចំនួន៣ទីតាំង នៅឆ្នាំសិក្សាថ្មី (Video inside)

30-11-2025 14:29

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល មជ្ឈមណ្ឌលសិក្សាទំនើប ដែលផ្តល់កម្មវិធីសិក្សាបែបទំនើប និងប្រកបដោយគុណភាព បានសម្រេចបើកសម្ភោធជាផ្លូវការ នូវសាលាទំនើបអន្តរជាតិចំនួន៣ទីតាំង នៅឆ្នាំសិក្សាថ្មី ២០២៥-២០២៦។

សាលាទំនើបអន្តរជាតិ ទាំង៣ទីតាំងនេះរួមមាន ទី១.សាលាទំនើបអន្តរជាតិ ហ្គ្រេនភ្នំពេញ ទី២.សាលាទំនើបអន្តរជាតិភ្នំពេញថ្មី និងទី៣.សាលាទំនើបអន្តរជាតិចាក់អង្រែក្រោម។ សាលាទំនើបអន្តរជាតិ ទាំងបីសាខានេះ បច្ចុប្បន្នមានបន្ទប់សិក្សាសរុប ៤២បន្ទប់ និងមានសិស្សសរុបចំនួន ៦៩៣ នាក់ ក្នុងនោះសិស្សស្រីចំនួន ៣០១ នាក់។ បន្ទប់សិក្សានីមួយៗ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខាទំនើបៗមានដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបញ្ចាំងស្លាយ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងឧបករណ៍សិក្សាទំនើបប្រកបដោយសោភណភាព និងផាសុកភាព។

ថ្លែងក្នុងពិធីបើកសម្ពោធសាលាអន្តរជាតិទំនើប ជាផ្លូវការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានកត់សម្គាល់ថា សាលាទំនើបអន្តរជាតិ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងទទួលបានគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកសិក្សា។ លោកសង្ឃឹមថា តាមរយៈការខិតខំប្រឹងប្រែង និងកិច្ចសហការល្អរវាងអ្នកគ្រប់គ្រងសាលា និងមន្រ្តីពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរ អប់រំ យុវជន និងកីឡា និងបណ្តាស្ថាប័នពាក់ព័ន្ធនឹងជំរុញឱ្យសាលាកាន់តែរីកចម្រើនថែមទៀត។
សាលាទំនើបអន្តរជាតិ ទទួលសិស្សឱ្យចូលរៀន ពីមត្តេយ្យកម្រិតទាបដែលមានអាយុចាប់ពី៣ឆ្នាំឡើង រហូតដល់ថ្នាក់ទី១២ ទូទាំងប្រទេស ដោយផ្តល់កម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលា ពោលគឺកម្មវិធីជាតិមួយវេនមាន៤ម៉ោង និងកម្មវិធីសិក្សាទំនើបមួយវេនមាន៤ម៉ោង និងសិក្សាប្រាំថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ សម្រាប់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ សិក្សាដល់ថ្ងៃសៅរ៍មួយព្រឹក។
លោក រស់ សាវីតធី នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សាទំនើប បានឱ្យដឹងថា សាលាទំនើបអន្តរជាតិ មានចក្ចុវិស័យក្នុងការបើកដំណើរការ បានគ្រប់ខណ្ឌទាំងអស់នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា ខណៈនៅឆ្នាំក្រោយនេះ សាលានឹងបើកដំណើរការសាខាមួយទៀត នៅខេត្តបន្ទាយមានន័យ។

លោកបានគូសបញ្ជាក់ថាសាលាទំនើបអន្តរជាតិ នឹងផ្តល់កម្មវិធីសិក្សាទំនើបរួមមានមុខវិជ្ជាសំខាន់ៗចំនួនប្រាំបួន ដូចជា៖ ភាសាអង់គ្លេស, ភាសាចិន,កុំព្យូទ័រ,គណិតវិទ្យាជាភាសាអង់គ្លេស ,វិទ្យាសាស្ត្រជាភាសាអង់គ្លេស, រ៉ូបូស៊ីង រ៉ូបូទិក និងថេចបត់ មុខវិជ្ជាបែបស្ទែម (RoboThink robotic and Techbot) , វេយ្យាករណ៍អង់គ្លេស, គំនូរ, អប់រំកាយ និងកីឡា ដែលមុខវិជ្ជាទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា៕