ម្ចាស់ពាន Ballon dÓr ៣សម័យរបួសបាក់ជើងអំឡុងហ្វឹកហាត់ អវត្តមានពេលអេស្ប៉ាញ ប៉ះអាល្លឺម៉ង់ស្អែកនេះ

01-12-2025 10:04

(បរទេស)៖ ម្ចាស់ពានបាល់មាស Ballon dÓr ៣សម័យកាល កីឡាការិនី Aitana Bonmati នឹងអវត្តមានរយៈពេលយូរ ក្រោយរងរបួសបាក់ជើងនាពេលអំឡុងហ្វឹកហាត់ នាំឱ្យខកខានជួយក្រុមជម្រើសជាតិនារីអេស្ប៉ាញ លេងទល់នឹងអាល្លឺម៉ង់ស្អែកនេះ ដណ្តើមពាន UEFA Women’s Nations League 2025។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើវ័យ ២៧ឆ្នាំ របស់អេស្ប៉ាញរូបនេះបានដួលយ៉ាងដំណំរហូតដល់បាក់ជើង នាពេលអំឡុងហ្វឹកហាត់នៅពេលព្រឹកជាមួយជម្រើសជាតិក្នុងទីលាន Las Rozas ស្ថិតក្នុងទីក្រុង Madrid កាលពីថ្ងៃអាទិត្យ ក្នុងការត្រៀមលក្ខណៈសម្បតិ្តលេងជើងទី២ វគ្គផ្តាច់ព្រ័ត្រ UEFA Women’s Nations League ទល់នឹងស្រ្តីអាល្លឺម៉ង់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ។

Bonmati ក៏បានលេង ៧៧នាទីផងដែរកាលពីជើងទី១ នៅរាត្រីថ្ងៃសុក្រសប្តាហ៍មុន ដោយបានបញ្ចប់ក្នុងលទ្ធផលគ្មានគ្រាប់ស៊ុត នៅឯប្រទេសអាល្លឺម៉ង់។

សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ តាមរយៈលទ្ធផលពិនិត្យពីក្រុមវេជ្ជបណ្ឌិតបានបង្ហាញថា «Bonmati មានការបាក់ឆ្អឹងត្រង់ជើងឆ្វេងរបស់នាង»

នាងនឹងវិលទៅកាន់ទីក្រុង Barcelona ដើម្បីសម្រាកព្យាបាលរបួស ដែលអាចជាដំណឹងដ៏ខកចិត្តមួយ នៃការអវត្តមានរយៈពេលយូរ ក្នុងនាមកីឡាការិនីល្អមួយរូប៕