ប្រើការមុខងារ AI ទិញទំនិញកំពុងកើនឡើង ខណៈ Black Friday អាមេរិករកចំណូលបានដល់ជិត១២ពាន់លានដុល្លារ
01-12-2025 10:29
(បរទេស)៖ ការបញ្ជារទិញទំនិញដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) បានជួយជំរុញការកើនឡើងនៃការចំណាយលើអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិកនៅថ្ងៃ Black Friday ខណៈដែលអ្នកទិញទំនិញបានមើលរំលងហាងដែលមានមនុស្សច្រើន ហើយបានងាកទៅរក chatbots ដើម្បីប្រៀបធៀបតម្លៃ និងធានាបាននូវការបញ្ចុះតម្លៃ ចំពេលមានការព្រួយបារម្ភអំពីការដំឡើងថ្លៃដែលជំរុញដោយកត្តាពន្ធដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។
អ្នកទិញទំនិញអាមេរិកបានចំណាយប្រាក់សរុបចំនួន ១១.៨ពាន់លានដុល្លារតាមអ៊ីនធឺណិត កើនឡើង ៩.១% បើប្រៀបធៀបទៅឆ្នាំ២០២៤។ នេះបើយោងតាម Adobe Analytics។ ប្រាក់ចំណាយតាមអនឡាញកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលការទិញទំនិញក្នុងហាងគ្រាន់តែមានការកើនឡើងប្រហែល ១.៧% ប៉ុណ្ណោះ។ នេះបើយោងតាមរយៈរបាយការណ៍ Mastercard SpendingPulse។ រាយការណ៍បង្ហាញថា ចរាចរអនឡាញមកពីឧបករណ៍ដែលមានសមត្ថភាព AI កើនឡើងដល់ ៨០៥% ប្រៀបធៀបនឹងឆ្នាំមុន។ អ្នកវិភាគឧស្សាហកម្មបានបញ្ជាក់ថា ការចូលមករបស់ AI បានធ្វើឲ្យដំណើរទិញទំនិញកាន់តែងាយស្រួល ពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចតានតឹងដែលរួមមានតម្លៃថ្លៃឡើង វិបត្តិការងារ និងការខ្វះជំនឿរបស់អ្នកប្រើប្រាស់។
ក្នុងចំណោមទំនិញកំពូលដែលលក់ដាច់ក្នុងថ្ងៃ Black Friday មាន៖
* ប្រដាប់ក្មេង LEGO
* ឧបករណ៍ហ្គេម៖ Nintendo Switch និង PlayStation 5
* ផលិតផលអេឡិចត្រូនិក៖ Apple AirPods និងឧបករណ៍ផ្ទះបាយ KitchenAid
អ្នកជំនាញសេដ្ឋកិច្ចបានរាយការណ៍ថា នៅពេលដែលតម្លៃគ្រឿងទំនិញកើនឡើង និងកម្លាំងទិញរបស់ប្រជាជនថយចុះ អ្នកទិញអាចរើសយក AI ដើម្បីជួយក្នុងការសន្សំប្រាក់។ សម្រាប់អ្នកលក់ ការបញ្ចូល AI ទៅក្នុងប្រព័ន្ធលក់រួមមាន chatbot សេវាកម្មអតិថិជន ការណែនាំទំនិញឆ្លាតវៃ និងការទូទាត់លឿន ទាំងនេះជួយបម្លែងអ្នកមើលឲ្យក្លាយជាអ្នកទិញពិតប្រាកដ។ អនាគត AI នឹងបន្តក្លាយជាមូលដ្ឋាននៃការទិញទំនិញ។ អ្នកជំនាញវិភាគរំពឹងថា AI នឹងបន្តក្លាយជាឧបករណ៍ចម្បងក្នុងរដូវទិញទំនិញបន្តបន្ទាប់ ព្រោះភាពងាយស្រួល និងសមត្ថភាពរកអត្ថប្រយោជន៍រហ័សរបស់វា៕












