កីឡាអេឡិចត្រូនិក ធ្វើកំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ភាសាកីឡាផ្លូវការ
01-12-2025 10:47
(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា កាលពីថ្មីៗនេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា» នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់ភាសាកីឡាផ្លូវការ ពិសេសភាសាខ្មែរ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ជា ច័ន្ទបរិបូណ៌ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងមន្ដ្រីសហព័ន្ធ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី ប្រាក់ សម្ភស្ស ដែលជាពិធីការិនីផ្នែកកីឡាដ៏ល្បីល្បាញ មានបទពិសោធច្រើនឆ្នាំ ដើម្បីចែករំលែកទាំងបទពិសោធ បច្ចេកទេស និងភាសាផ្លូវការក្នុងវិស័យកីឡា ដោយមានការចូលរួមពីពិធីករ-ពិធីការិនី អ្នកអត្ថាធិប្បាយ អ្នកគ្រប់គ្រង អ្នករៀបចំពីបណ្តាក្រុម ក្លិប កម្មវិធី និងអ្នកពាក់ព័ន្ធលើវិស័យកីឡាអេឡិចត្រូនិកកម្ពុជាប្រមាណ ៥០ នាក់ផងដែរ។
លោកបណ្ឌិត ជា ច័ន្ទបរិបូណ៌ មានប្រសាសន៍ថា «កន្លងមកសហព័ន្ធ បានរៀបចំសិក្ខាសាលាស្តីពីកីឡា Esports ដល់អ្នកសារព័ត៌មានជាច្រើនលើកដើម្បីឲ្យពួកគាត់យល់ថា តើអ្វីទៅជាកីឡាអេឡិចត្រូនិក។ នៅពេលពួកគាត់យល់ ពួកគាត់នឹងសរសេរបានត្រឹមត្រូវក្នុងការផ្សាយឲ្យមហាបានយល់។ ឥឡូវនេះដល់ពេល ដែលត្រូវកំណែទម្រង់លើផ្នែកអត្ថាធិប្បាយដើម្បីឲ្យពួកគាត់កាន់តែល្អប្រសើរក្នុងការប្រើប្រាស់ភាសាកីឡាផ្លូវការឲ្យកាន់តែច្រើន។ ពាក្យណាដែលយើងមិនគួរប្រើភាសាបរទេស ដែលភាសាយើងមាន គឺយើងគួរប្រើភាសាខ្មែរ។ ដូចជាពាក្យ ហ្គេម យើងគួរតែផ្លាស់ប្តូរទៅជាពាក្យខ្មែរវិញ។ សហព័ន្ធបស់យើងគួរតែសរសេរ ចងក្រងពាក្យពេចន៍សំខាន់ៗពីភាសាអង់គ្លេសនៅក្នុងកីឡាអេឡិចត្រូនិក ជាភាសាខ្មែរ។ ចំណុចពិតជាសំខាន់ណាស់ដើម្បីអភិវឌ្ឍកីឡា Esports ឲ្យកាន់តែមានលក្ខណៈស្តង់ដាជាកីឡាអាជីព»។
នៅក្នុងពិធីដ៏សំខាន់នេះ លោក លន់ សាមឌី អគ្គលេខាធិការ និងវាគ្មិន បានចែករំលែកពីបទពិសោធក្នុងការអត្ថាធិប្បាយ ពាក្យបច្ចេកទេស និងភាសាផ្លូវការនៅក្នុងវិស័យកីឡាសម្រាប់យកទៅការប្រើប្រាស់ទាំងផ្នែកនិយាយ និងសរសេរ។ ជាពិសេសអ្នកចូលរួមទាំងអស់ ពិធីករ និងអត្ថាធិប្បាយកីឡាអេឡិចត្រូនិកល្បីៗបានចែករំលែកបទពិសោធផ្ទាល់ខ្លួន។
ក្រោយពេលកិច្ចប្រជុំពិគ្រោះយោបល់ប្រើពេលជិត ៣ ម៉ោង អង្គពិធីទាំងមូលបានឯកភាពគ្នាក្នុងការប្រមូលចង់ក្រងនូវភាសា និងពាក្យបច្ចេកទេសដើម្បីដាក់ជូនប្រធានសហព័ន្ធ ដើម្បីសម្រេច ហើយនឹងត្រូវចែកចាយដល់ ពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ អ្នកគ្រប់គ្រង អ្នករៀបចំពីបណ្តាក្រុម ក្លិប កម្មវិធី និងអ្នកពាក់ព័ន្ធលើវិស័យកីឡាអេឡិចត្រូនិកកម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍឲ្យកាន់តែមានកម្រិតស្តង់ដា និងកីឡាកាន់តែអាជីពពិតប្រាកដ៕











