Micron បោះទុនជាង ៩ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតបន្ទះឈីប AI នៅជប៉ុន

01-12-2025 11:11

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់សហរដ្ឋអាមេរិក Micron Technology បានប្រកាសពីគម្រោងវិនិយោគដ៏ធំមួយចំនួន ១,៥ ទ្រីលានយ៉េន (ប្រមាណ ៩,៦ ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រថ្មីនៅទីក្រុង Hiroshima ប្រទេសជប៉ុន។ គោលបំណងនៃការវិនិយោគនេះ គឺដើម្បីផលិតបន្ទះឈីបអង្គចងចាំដែលមានកម្រិតបញ្ជូនខ្ពស់ (HBM) ជំនាន់ថ្មី ដែលជាសមាសធាតុសំខាន់សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ។ ការវិនិយោគនេះ នឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ Micron ជាមួយក្រុមហ៊ុននាំមុខគេដូចជា SK Hynix នៅក្នុងទីផ្សារបន្ទះឈីប AI ដែលកំពុងរីកចម្រើនខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ដែលដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ ក្រុមហ៊ុន Micron គ្រោងនឹងចាប់ផ្តើមការសាងសង់នៅទីតាំងដែលមានស្រាប់ក្នុងខែឧសភា ឆ្នាំក្រោយ ហើយរំពឹងថានឹងអាចចាប់ផ្តើមដឹកជញ្ជូនបន្ទះឈីបបាននៅអំឡុងឆ្នាំ ២០២៨។ ដើម្បីគាំទ្រគម្រោងយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលជប៉ុនតាមរយៈក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នឹងផ្តល់ជំនួយឧបត្ថម្ភធនរហូតដល់ ៥០០ ពាន់លានយ៉េន។ ជំហាននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការស្តារឧស្សាហកម្មបន្ទះឈីបរបស់ខ្លួនឡើងវិញ។

ការសម្រេចចិត្តពង្រីករោងចក្រនៅ Hiroshima នេះ នឹងផ្តល់ផលចំណេញដល់ Micron ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួន ក្រៅពីតៃវ៉ាន់ ដែលជាយុទ្ធសាស្ត្រមួយដើម្បីធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព។ ជាមួយគ្នានេះ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏បង្ហាញឱ្យឃើញពីតម្រូវការបន្ទះឈីប HBM ដែលមិនចេះរីងស្ងួត ដោយសារតែកំណើននៃប្រព័ន្ធ AI ជាសកល។

គួរជម្រាបថា ការវិនិយោគរបស់ Micron នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលជប៉ុនកំពុងផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតបន្ទះឈីបបរទេសដទៃទៀត ដូចជា Taiwan Semiconductor Manufacturing Co (TSMC) ជាដើម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីប្រែក្លាយប្រទេសជប៉ុនទៅជាមជ្ឈមណ្ឌលផលិតបន្ទះឈីបទំនើបឡើងវិញ៕