Real វាយបកតាមស្មើ Girona បន្តប្រដេញតំណែងកំពូលតារាង La Liga ជាមួយ Barcelona
01-12-2025 11:36
(បរទេស)៖ ១គ្រាប់ដោយបាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Kylian Mbappe ដែលជួយ Real Madrid តាមស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Girona នោះ មានន័យថា ពួកគេនៅបន្តប្រដេញតំណែងកំពូលតារាង La Liga ជាមួយនឹង FC Barcelona បន្តទៀត ក្រោយឆ្លងកាត់ ១៤ប្រកួត សម្រាប់ជើងទី១។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ១គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ប្រធានក្រុមមាន់គកបារាំងខាងលើនេះ Mbappe កើនបាន ១៤គ្រាប់ហើយនៅ La Liga ជាមួយអធិរាជស Real Madrid រដូវកាល ២០២៥-២៦ និងជាគ្រាប់ទី២៣ ក្នុងចំណោម ១៩ប្រកួតសរុបទាំងអស់គ្រប់កម្មវិធីប្រកួតទៀតផង។
ចំណែកឯ Girona វិញ បន្តឈរនៅលេខរៀងទី៣ បណ្តោះអាសន្នរាប់ពីក្រោម ដោយមានត្រឹមតែ ១២ពិន្ទុឈរពីលើ Levante និង Real Oviedo ទោះស្ថិតក្នុងតំបន់កាត់ចោលដូចគ្នាក៏ដោយ។ ពួកគេបាននាំមុខ ១គ្រាប់ នៅមុនពេលបញ្ចប់វគ្គទី១ ដោយកីឡាករ Azzedine Ounahi។
Real ដែលជាជើងឯករងនៃលីគអេស្ប៉ាញរដូវកាលមុន បានលេងឈ្នះតែ ១លើកគត់ ក្នុងចំណោម ៥ប្រកួតចុងក្រោយគ្រប់កម្មវិធីទាំងអស់។
តាមរយៈលទ្ធផលស្មើជាលើកទី៣ នេះដែរនាំឱ្យក្រុមរបស់លោក Xabi Alonso បន្តឈរលេខរៀងទី២ ក្នុងតារាងលីគ La Liga ដដែលជាមួយនឹង ៣៣ពិន្ទុដោយចាញ់ប្រៀបក្រុមកំពូលតារាង និងការពារតំណែងជើងឯក FC Barcelona ១ពិន្ទុ ស្របពេល Villarreal និង Atletico Madrid ក៏ស្ថិតក្នុងតំណែង Top-4 តំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League ផងដែរ៕



