ក្រុមហ៊ុនយក្សអាល្លឺម៉ង់ពីរ ចាប់ដៃគ្នាបង្កើត «រោងចក្រ AI ទំនើប» ដើម្បីប្រជែងអាមេរិក និងចិន

01-12-2025 12:04

(បរទេស)៖ ក្រុមហ៊ុនធំៗនៅអាល្លឺម៉ង់ចំនួនពីរគឺ Deutsche Telekom ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និង Schwarz Group ដែលជាក្រុមហ៊ុនលក់រាយដ៏ធំ (ម្ចាស់បណ្ដាញផ្សារទំនើប Lidl) កំពុងធ្វើការចរចារួមគ្នាដើម្បីសាងសង់ មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្ស សម្រាប់គាំទ្របច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

គម្រោងមហិច្ឆតានេះមានគោលដៅបង្កើតនូវអ្វីដែលគេហៅថា «រោងចក្រខ្នាតយក្ស AI» ដែលជាកន្លែងទំនើបបំផុតសម្រាប់ផ្តល់ថាមពលកុំព្យូទ័រដ៏សម្បើមដែល AI ត្រូវការ។ នេះបើយោងតាមការរាយការណ៍ដំបូងរបស់កាសែតអាល្លឺម៉ង់ Handelsblatt។ គោលបំណងធំគឺដើម្បីជួយសហភាពអឺរ៉ុប (EU) ឱ្យអាចប្រកួតប្រជែងជាមួយនឹងសមត្ថភាពបច្ចេកវិទ្យា AI របស់សហរដ្ឋអាមេរិក និងចិន។

បច្ចុប្បន្ន ក្រុមហ៊ុនទាំងពីរកំពុងពិភាក្សាគ្នាដើម្បីស្នើសុំថវិកាឧបត្ថម្ភពី សហភាពអឺរ៉ុប (EU) ដែលកាលពីមុនបានប្រកាសផ្តល់ថវិការហូតដល់ ២០ ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ AI នៅក្នុងតំបន់នេះ។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត Handelsblatt បានស្រង់សម្ដីប្រភពដែលដឹងពីបញ្ហានេះថា ការចរចារវាង Deutsche Telekom និង Schwarz Group ត្រូវបានគេរាយការណ៍ថា «កំពុងដំណើរការទៅមុខយ៉ាងល្អ» ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងផ្លូវការណាមួយនៅឡើយទេ៕