សហគ្រិនខ្មែរ និងផ្សារអុីអន គាំទ្រកិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីលើកកម្ពស់ទំនិញក្នុងស្រុកតាមរយៈពិព័រណ៍ក្នុងស្រុក
01-12-2025 14:04
(ភ្នំពេញ)៖ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសពីពិព័រណ៍ផលិតផល ក្នុងស្រុកដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅផ្សារអុីអន សាខាភ្នំពេញ សែនសុខ និងមានជ័យ។ ពិព័រណ៍រយៈពេលពីរសប្តាហ៍នេះ បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់សហគ្រិនខ្មែរ និងផ្សារអុីអន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ និងគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ បានថ្លែងថា៖ «កំណើននៃទំនុកចិត្ត និងតម្រូវការរបស់អតិថិជន និងប្រជាជនចំពោះផលិតផលក្នុងស្រុកបានបង្ហាញពីសារៈសំខាន់នៃការគាំទ្រក្នុងការពង្រីកឱកាសចូលទីផ្សារសម្រាប់ផលិតករ។ រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បន្តបង្កើតវេទិកាដែលបង្ហាញសក្តានុពល និងសមត្ថភាពនៃផលិតករជាតិ។ ជាក់ស្តែងពិព័រណ៍នេះ គឺជាជំហានសំខាន់មួយទៀត ក្នុងការជួយឱ្យសហគ្រាសធុនតូច និងមធ្យម ដែលជាអ្នកផលិតអាចបង្ហាញពីគុណភាព សុវត្ថិភាព និងនវានុវត្តន៍របស់ខ្លួន»។
លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) បានលើកឡើងថា៖ «ផ្សារទំនើបអ៉ីអន មានកិត្តិយសក្នុងការចាប់ដៃគូជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះឡើង។ ដោយក្នុងនោះមានការបង្ហាញនូវផលិតផលក្នុងស្រុកដែលគុណភាពខ្ពស់រួមមានផ្លែឈើ គ្រឿងបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសិប្បកម្មផ្សេងជាច្រើនទៀត។ ផ្សារទំនើបអ៉ីអនមិនត្រឹមតែគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកប៉ុណ្ណោះទេ តែយើងក៏គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងចំពោះ សុវត្ថិភាពចំណីអាហារ គុណភាព តម្លៃសមរម្យ និងជួយពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែធំទូលាយជាងមុនទៅទៀត»។
លោក គីមូរ៉ា អេអ៉ីស៊ុគេ អគ្គនាយកអធិការរបស់ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានមោទនភាព និងកិតិ្តយសក្នុងការសហការជាមួយ អ៉ីអន ខេមបូឌា និងសហគ្រិនខ្មែរ ដើម្បីរៀបចំការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ជាលើកទី២នៅក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រផលិតផលក្នុងស្រុក និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមប្រកបដោយស្ថិរភាព។ យើងជឿជាក់ថាតាមពិព័រណ៍ផលិតផលក្នុងស្រុកនេះ មិនត្រឹមតែជាការបង្ហាញផលិតផលចម្រុះ ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតបាននូវបរិយាកាសស្និទ្ធស្នាល សុវត្ថិភាព ដែលអាចឱ្យគ្រួសារ និងភ្ញៀវទេសចរអាចរីករាយ ស្វែងយល់ជាមួយស្មារតីច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា។ ផ្សារទំនើប អ៉ីអន ម៉ល យើងសូមអញ្ជើញអតិថិជនទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុក និងសហការរួមគ្នា ដើម្បីបង្កើនឱកាសទីផ្សារសម្រាប់អាជីវកម្មក្នុងស្រុក»។
សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី១៥ដុល្លារឡើងទៅ។
សហគ្រិនខ្មែរ និងផ្សារអុីអន សូមអញ្ជើញសាធារណជនចូលរួមពិព័រណ៍នេះ និងគាំទ្រផលិតករក្នុងស្រុក។ ការជ្រើសរើសផលិតផលក្នុងស្រុក ជាការវិនិយោគក្នុងអនាគតរបស់ប្រទេសកម្ពុជា។
ពិព័រណ៍ឆ្នាំនេះក៏ជាសកម្មភាពសំខាន់មួយក្រោមយុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់សហគ្រិនខ្មែរឆ្នាំ ២០២៥ ដែលប្រមូលផ្តុំនូវកម្មវិធីជាច្រើនដែលដំណើរការស្របគ្នា ពីការរៀបចំគំនិតអាជីវកម្មថ្នាក់ជាតិ ការចាប់ផ្ដើមអាជីវកម្ម និងការប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម រហូតដល់វេទិកាពិព័រណ៍ និងពិធីប្រគល់រង្វាន់ដែលសហគ្រិនអាចទទួលបានចំណេះដឹង បណ្តាញ និងឱកាសដែលគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ពួកគេ៕








