មន្ដ្រីកីឡាខេត្តកែប ចាត់ទុកកម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា ជាវេទិកាបណ្ដុះសកម្មភាព និងកីឡាជំនាញ
01-12-2025 15:05
(ភ្នំពេញ)៖ លោក ឆើម ណារ៉ុង ប្រធានការិយាល័យយុវជន និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានចាត់ទុកកម្មវិធីកីឡាសម្រាប់ទាងអស់គ្នា ឬ Sport For All គឺជាវេទិកាមួយដ៏ល្អ ដើម្បីជំរុញសិស្សានុសិស្សឲ្យយល់ដឹង និងចូលរួមសកម្មភាពកីឡា ហើយក៏ជាឱកាសបណ្ដុះកីឡាជំនាញសម្រាប់ខេត្តផងដែរ។
ការលើកឡើងនេះ បន្ទាប់ពីខេត្តកែប ទទួលបានឱកាសលើកទី២ សម្រាប់កម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានសិស្សានុសិស្សជាង ៥០០នាក់ បានចូលរួមលេងកម្សាន្ដនូវសកម្មភាពកីឡាជាច្រើន ក៏ដូចជាការស្វែងយល់អំពីគុណតម្លៃអូឡាំពិក ប្រវត្តិចលនាអូឡាំពិក ដែលកកើតឡើងតាំងពីសម័យបុរាណរហូតដល់សម័យទំនើប។
មន្ដ្រីកីឡាខាងលើ បានសម្ដែងក្ដីរីករាយ ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថប្រយោជន៍នេះ ដើម្បីបំផុសឲ្យសិស្សានុសិស្សបានសិក្សាស្វែងយល់អំពីគុណតម្លៃអូឡាំពិក ក៏ដូចជាផ្តល់ឱកាសដល់សិស្សានុសិស្សបានចូលរួលលេងកីឡា ស្របតាមអនុសាសន៍គន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន គឺប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។ មិនតែប៉ុណ្ណោះ កវេទិកានេះ ក៏អាចបណ្ដុះគំនិតឲ្យសិស្សានុសិស្សចាប់ជំនាញកីឡាណាមួយ ដើម្បីក្លាយជាកីឡាករអាជីពនាថ្ងៃអនាគតផងដែរ។
ឆ្លងកាត់ការសិក្សាទ្រឹស្ដី និងការអនុវត្តផ្ទាល់រយៈពេល ២ថ្ងៃ នាខេត្ដទិសនិរតីនេះដែរ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានលើកឡើងថា «យើងសង្កេតឃើញថា ពួកគាត់មានភាពសប្បាយរីករាយជាមួយនឹងការចូលរួម។ ក្រោយកម្មវិធីនេះ យើងសង្ឃឹមថា យុវជនទាំងអស់នឹងបន្តធ្វើលំហាត់ប្រាណ និងលេងកីឡាទាំងអស់គ្នា ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺយុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
បន្ថែមលើកនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចូលរួមលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីជំរុញដល់សុខភាពផ្ទាល់ខ្លួនម្នាក់ៗផង ក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិផង ព្រោះបើសិនជាម្នាក់ៗ មិនមានសុខភាពល្អនោះទេ គឺមិនអាចបំពេញភារកិច្ច និងសិក្សាឱ្យបានពេញលេញនោះទេ ។ ដូច្នេះសុខភាពគឺជារឿងសំខាន់ ដោយការទទួលបានខុសភាព គឺតាមរយៈការលេងកីឡា៕












