Amazon និង Google ចាប់ដៃគ្នាជាផ្លូវការ បើកដំណើរការសេវា Cloud ល្បឿនលឿន ដើម្បីទប់ស្កាត់ការដាច់អ៊ីនធឺណិត
01-12-2025 15:07
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon និង Google បានប្រកាសពីកិច្ចសហការដ៏សំខាន់មួយ ដោយរួមគ្នាបង្កើតសេវាកម្មតភ្ជាប់បណ្ដាញ Cloud (ប្រព័ន្ធផ្ទុកទិន្នន័យលើអនឡាញ) ដែលមានល្បឿនលឿន និងអាចទុកចិត្តបានជាងមុន។ គោលដៅគឺផ្តល់នូវដំណោះស្រាយចំពោះបញ្ហាដាច់អ៊ីនធឺណិតជាយថាហេតុ។ គំនិតផ្តួចផ្តើមនេះអនុញ្ញាតឱ្យក្រុមហ៊ុននានាអាចបង្កើតការតភ្ជាប់ផ្ទាល់រវាងប្រព័ន្ធ Cloud ទាំងពីរបានត្រឹមតែ ប៉ុន្មាននាទីប៉ុណ្ណោះ ជំនួសឱ្យការចំណាយពេលរាប់សប្តាហ៍ដូចបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។
ការសម្រេចចិត្តចាប់ដៃគ្នានេះធ្វើឡើងបន្ទាប់ពីមានការដាច់សេវាដ៏ធំរបស់ AWS (បុត្រសម្ព័ន្ធរបស់ Amazon) កាលពីខែតុលា ដែលបានបង្កផលប៉ះពាល់ដល់គេហទំព័រ និងកម្មវិធីល្បីៗទូទាំងពិភពលោក ហើយបានបណ្តាលឱ្យក្រុមហ៊ុនអាមេរិកខាតបង់ថវិកាចន្លោះពី ៥០០ ទៅ ៦៥០ លានដុល្លារ។ លោក Robert Kennedy អនុប្រធានផ្នែកនៅ AWS បានសង្កត់ធ្ងន់ថា៖ «កិច្ចសហការរវាង AWS និង Google Cloud នេះតំណាងឱ្យការផ្លាស់ប្តូរមូលដ្ឋានគ្រឹះក្នុងការតភ្ជាប់បណ្ដាញ Cloud»។
បច្ចេកវិទ្យាថ្មីនេះគឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យារបស់ AWS និង Google Cloud ដើម្បីធានាបាននូវការផ្ទេរទិន្នន័យរវាងប្រព័ន្ធទាំងពីរដោយរលូន និងមានសុវត្ថិភាព។ លោក Rob Enns អនុប្រធាននៅ Google Cloud ក៏បានបញ្ជាក់ដែរថា បណ្តាញរួមគ្នានេះមានបំណងធ្វើឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការផ្លាស់ប្តូរទិន្នន័យ និងកម្មវិធីរវាង Cloud នានា។
គួរជម្រាបថា កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានជំរុញដោយការកើនឡើងនូវតម្រូវការថាមពលកុំព្យូទ័រដ៏ខ្លាំងក្លាសម្រាប់គាំទ្របច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)។ បច្ចុប្បន្ន AWS នៅតែជាអ្នកផ្តល់សេវា Cloud ធំជាងគេបំផុតនៅលើពិភពលោក ដោយបាននាំមុខ Google Cloud និង Microsoft Azure ។ កាលពីត្រីមាសទី ៣ កន្លងទៅ អាជីវកម្ម Cloud របស់ Amazon រកចំណូលបាន ៣៣ ពាន់លានដុល្លារ ដែលច្រើនជាងទ្វេដងនៃចំណូលរបស់ Google Cloud៕










