Coupang ចេញមុខសុំទោសជាសាធារណៈចំពោះការបែកធ្លាយទិន្នន័យអតិថិជនជាង ៣៣ លាននាក់ ខណៈរដ្ឋាភិបាលកំពុងបើកការស៊ើបអង្កេតបន្ទាន់
02-12-2025 09:01
(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញ (e-commerce) ខ្នាតយក្សរបស់កូរ៉េខាងត្បូង Coupang បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីមានករណីលួចចូលប្រព័ន្ធ និងបណ្ដាលឱ្យទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនជាង ៣៣.៧ លានគណនី បានបែកធ្លាយដោយការចូលប្រើដោយគ្មានការអនុញ្ញាត។ ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរនេះត្រូវបានគេដឹងថា បានកើតឡើងតាំងពីថ្ងៃទី២៤ ខែមិថុនា មកម្ល៉េះ តាមរយៈម៉ាស៊ីនមេ (Servers) នៅក្រៅប្រទេស ហើយក្រុមហ៊ុនទើបតែរាយការណ៍ទៅអាជ្ញាធរកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។
លោក Park Dae-jun នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Coupang បានថ្លែងសុំអភ័យទោសនៅលើគេហទំព័រផ្ទាល់ខ្លួនថា៖ «យើងសូមអភ័យទោសម្តងទៀតយ៉ាងស្មោះអស់ពីចិត្ត ចំពោះការបង្កភាពរំខានដល់អតិថិជនរបស់យើង»។ Coupang បានបញ្ជាក់ថា ព័ត៌មានដែលត្រូវគេលួចបានរួមមាន ឈ្មោះ អាសយដ្ឋាន អ៊ីមែល លេខទូរស័ព្ទ អាសយដ្ឋានដឹកជញ្ជូន និងប្រវត្តិបញ្ជាទិញមួយចំនួន។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានធានាថា ព័ត៌មានលម្អិតសម្រាប់ការទូទាត់ និងពាក្យសម្ងាត់សម្រាប់ចូលប្រើគណនី (Login Passwords) គឺមិនត្រូវបានប៉ះពាល់នោះទេ។
ដោយសារតែទំហំនៃការបាត់បង់ទិន្នន័យនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំបន្ទាន់ភ្លាមៗ។ លោក Bae Kyung-hoon រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា បានបញ្ជាក់ថា អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទៅលើក្រុមហ៊ុន Coupang ថាតើមានការបំពានលើច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនដែរឬទេ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Yonhap News Agency ក៏បានរាយការណ៍ដែរថា ប៉ូលិសកំពុងបើកការស៊ើបអង្កេតលើអតីតបុគ្គលិកជនជាតិចិនម្នាក់របស់ក្រុមហ៊ុន Coupang ដែលត្រូវបានគេសង្ស័យថាជាអ្នកនៅពីក្រោយការលួចទិន្នន័យដ៏ធំនេះ។
ជាការឆ្លើយតបនឹងហានិភ័យនេះ ទីភ្នាក់ងារសន្តិសុខអ៊ិនធឺណិតកូរ៉េ (KISA) បានចេញសេចក្តីណែនាំដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងឆបោកតាមរយៈសារ ឬអ៊ីមែលក្លែងបន្លំ (Phishing Scams) ដែលអាចនឹងព្យាយាមទាញយកប្រយោជន៍ពីទិន្នន័យដែលបែកធ្លាយនេះ ដើម្បីបោកប្រាស់អតិថិជនដែលរងផលប៉ះពាល់៕














