លោក វ៉ាត់ ចំរើន៖ ចូលរួម និងត្រឡប់មកវិញដោយកិត្តិយស ជាគោលការណ៍សំខាន់ សម្រាប់អត្តពលិកកម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅថៃ

02-12-2025 09:13

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំនូវគោលការណ៍សំខាន់ៗមួយចំនួន ដល់ប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ដែលត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ពិសេសគឺការចូលរួម និងត្រឡប់មកវិញ ដោយកិត្តិយស ជាមួយសុវត្ថិភាពទាំងអស់គ្នាផងដែរ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ។ វគ្គនេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១-២ ខែធ្នូ មុនអត្តពលិកទាំងអស់ ត្រូវចេញដំណើរជាបន្ដបន្ទាប់ នាពេលឆាប់ៗខាងមុខ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះគឺជាការជួបជុំ និងដាស់ស្មារតីលើកចុងក្រោយ សម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ក្រោយទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ កាលពីថ្មីៗ។ វិធានាការសំខាន់ៗមួយចំនួន ត្រូវបានអប់រំណែនាំ និងក្រើនរំឮកបន្ថែមដល់កីឡាករ-កីឡាការិនីផ្ទាល់ ដើម្បីធានានូវការអនុវត្តបានរលូន និងជោគជ័យ ស្របតាមគោលការណ៍ ២សំខាន់ គឺទៅចូលរួមឲ្យបានកិត្តិយស ហើយត្រឡប់មកវិញ ដោយសុវត្ថិភាព និងកិត្តិយសជូនជាតិមាតុភូមិ។

មួយវិញទៀត កីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកួត និងបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោលសល្យឲ្យបានល្អ ដើម្បីឈានទៅរកការបំបែកនូវគុណផលចាស់រប់ខ្លួនពិសេសឆ្ពោះទៅដណ្ដើមជ័យលាភីមេដាយជូនជាំតិ។ តាមរយៈវិធានាការទាំងអស់នេះ លោកសង្ឃឹមថា ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ នឹងអាចធ្វើបាន ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ជាក់ថា សិក្ខាសាលាស្ដីពី “វិន័យ និងក្រមសីលធម៍” នេះ មានគ្រូឧទ្ទេស ៤នាក់ និងមាន ១២ប្រភេទកីឡាចូលរួម គឺមានកីឡាហែលទឹក អត្តពលកម្ម អេឡិចត្រូនិក គុនដាវ កាយសម្ព័ន្ធ ជីជីតស៊ូ ឃីតបុកស៊ីង តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ ដែលមានសិក្ខាកាមសរុបចំនួន ៧៥នាក់ចូលរួម ដោយផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ដែលត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ នាសប្ដាហ៍ក្រោយ៕