FIFA នឹងបង្ហាញកាលវិភាគប្រកួត World Cup 2026 ក្រោយចាប់បែងចែកពូល
02-12-2025 09:58
(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងថា នឹងបង្ហាញកាលវិភាគប្រកួតដែលបានធ្វើបច្ចុប្បន្នភាពរួច សម្រាប់ព្រឹត្តិការណ៍ World Cup 2026 នៅក្នុងការផ្សាយផ្ទាល់ទូទាំងពិភពលោកពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ដែលមានរយៈពេលជិត ២៤ម៉ោង បន្ទាប់ពីការចាប់ឆ្នោតចុងក្រោយកំណត់ពូលចំនួន១២ ដែលមិនធ្លាប់មានពីមុនមកនៃការប្រកួតនេះ។
កម្មវិធីដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ១២:០០រសៀល (ម៉ោងក្នុងតំបន់) នឹងបញ្ជាក់ពីទីកន្លែង និងពេលវេលាចាប់ផ្តើមសម្រាប់ការប្រកួតទាំង១០៤ នៃការប្រកួតដែលបានបង្កើនដល់ ៤៨ក្រុម ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នា។
ការប្រកួតផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ដែលមាន ១៦ទីក្រុង ក្នុងប្រទេសទាំង៣ ដែលពេលនេះមានជាង ២លានសំបុត្រទទួលបានការកក់ទិញរួចហើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នគ្រប់គ្រងកាលពីថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥៕




