ជើងឯកពិភពលោក Usyk ថា ចង់ប្រកួតជាមួយ Wilder នាឆ្នាំក្រោយ
02-12-2025 10:22
(បរទេស)៖ ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC និងវ៉ៃមិនដែលចាញ់ផងនោះ Oleksandr Usyk បានដៅឈ្មោះកីឡាករ Deontay Wilder គឺជាគូប្រជែងបន្ទាប់សម្រាប់រូបគេនាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករប្រដាល់សកលទម្ងន់ធ្ងន់របស់អ៊ុយក្រែនខាងលើនេះ ធ្លាប់ប្រកួតបាន ២៤ប្រកួតមិនចាញ់ឡើយ ស្របពេលគូប្រជែងបន្ទាប់របស់គេ Wilder វិញ ធ្លាប់ឈ្នះ ៤៤ដង ចាញ់ ៤ដង និងស្មើ ១ដង។
Usyk វ័យ ៣៨ឆ្នាំ បានបញ្ចប់កីឡាករមកពីទីក្រុង London គឺ Daniel Dubois ពាក់កណ្តាលផ្លូវនៅឯសង្វៀនដែលស្ថិតក្នុងពហុកីឡដ្ឋានជាតិអង់គ្លេស Wembley កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីក្លាយជាជើងឯកពិភពលោក ២សម័យមិនចាញ់ផងដែរ។
លោកថា «ឆ្នាំក្រោយនេះ ខ្ញុំនឹងបន្តឡើងប្រកួតវិញ។ ខ្ញុំចង់វ៉ៃជាមួយ Deontay Wilder ក៏ព្រោះតែខ្ញុំគិតថា វាគួរឱ្យចាប់អារម្មណ៍»។
ទោះជាយ៉ាងណា Usyk ដែលបានផ្តួល Fury, Dubois និង Anthony Joshua ២លើកដូចគ្នា ធ្លាប់បានថ្លែងកន្លងមកថា រូបលោកមានគម្រោងប្រកួតតែ ២ឆ្នាំទៀតប៉ុណ្ណោះមុនពេលចូលនិវត្តន៍ ជាមួយនឹងគោលបំណងវិលចូលសង្វៀនវិញនាឆ្នាំ២០២៦ ដោយកំពុងកាន់កាប់ ៣ក្រវាត់ក្នុងដៃផងដែររួមមាន WBC, IBF និង WBA។
ចំណែកឯកីឡាករ Wilder វិញ ដែលធ្លាប់កាន់កាប់ខ្សែក្រវាត់ WBC world champion ផងនោះ ហាក់ស្ថិតក្នុងភាពត្រដាបត្រដួស គិតចាប់តាំងពីប្រកួតជាមួយ Tyson Fury រួចមក។ ជើងខ្លាំងរបស់អាមេរិក វ័យ ៤០ឆ្នាំរូបនេះ បានសន្លប់ក្រោមស្នាដៃរបស់ Joseph Parker កាលឆ្នាំ២០២៣ និងចាញ់ Zhilei Zhang ក្នុងឆ្នាំ២០២៤ មុនពេលឃ្លាតឆ្ងាយពីសង្វៀនជាង ១ឆ្នាំ៕



