ឥណ្ឌាបង្ខំក្រុមហ៊ុន Apple និង Samsung ឲ្យដំឡើងកម្មវិធីរដ្ឋមួយ ដែលអ្នកប្រើប្រាស់លុបមិនបាន
02-12-2025 10:51
https://image.freshnewsasia.com/2021/2025/12/fn-2025-12-02-03-50-46-556.jpg(បរទេស)៖ ក្រសួងទូរគមនាគមន៍ឥណ្ឌាបានចេញបទបញ្ជាជាសម្ងាត់ទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗលើពិភពលោក រួមមាន Apple, Samsung, Vivo, Oppo និង Xiaomi ឲ្យដំឡើងជាមុននូវកម្មវិធីសុវត្ថិភាពតាមអ៊ីនធឺណិតដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌា។ ចំណុចសំខាន់នៃបទបញ្ជានេះគឺ អ្នកប្រើប្រាស់មិនអាចបិទ ឬលុបកម្មវិធីដែលមានឈ្មោះថា Sanchar Saathi នេះចេញពីទូរស័ព្ទបានឡើយ ពោលគឺត្រូវតែដំឡើង។ ខណៈក្រុមហ៊ុនទាំងអស់ត្រូវបានផ្តល់ពេលត្រឹមតែ ៩០ ថ្ងៃ ប៉ុណ្ណោះដើម្បីអនុវត្តតាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នំា២០២៥។
រដ្ឋាភិបាលឥណ្ឌាបានអះអាងថា ការធ្វើបែបនេះគឺមានសារៈសំខាន់បំផុតក្នុងការទប់ស្កាត់ «ការគំរាមកំហែងធ្ងន់ធ្ងរ» ចំពោះសន្តិសុខតាមរយៈការក្លែងបន្លំលេខសម្គាល់ទូរស័ព្ទ (IMEI) ដែលអាចនាំឱ្យមានការបោកប្រាស់តាមបណ្តាញ network។ ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីនេះក៏មានប្រយោជន៍ផងដែរ ដោយតួលេខបានបង្ហាញថា វាបានជួយរកទូរស័ព្ទដែលបាត់បង់បានជាង ៧០ ម៉ឺនគ្រឿង រួចមកហើយ តាំងពីដាក់ឱ្យប្រើប្រាស់ដំបូង។
យ៉ាងណាមិញ បទបញ្ជានេះទំនងជានឹងបង្កភាពតានតឹងយ៉ាងខ្លាំងជាមួយក្រុមហ៊ុន Apple និងក្រុមអ្នកតស៊ូមតិផ្នែកឯកជនភាព ដោយសារតែការដំឡើងកម្មវិធីរដ្ឋដែលមិនអាចលុបបានបែបនេះអាចបង្កជាកង្វល់ផ្នែកតាមដានអ្នកប្រើប្រាស់។ ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ ក្រុមហ៊ុនទាំងនេះត្រូវតែអនុវត្តតាម ដោយសារប្រទេសឥណ្ឌាជាទីផ្សារទូរស័ព្ទដ៏ធំមួយដែលមានអតិថិជនប្រមាណជាង ១,២ ពាន់លាននាក់ឯណោះ៕












