Donaldson ទម្លាក់ជើងខ្លាំង Allen ចេញពីកម្មវិធី UK Championship ដ៏គួរឱ្យភ្ញាក់ផ្អើលត្រឹមថ្ងៃទី៣
02-12-2025 11:02
(បរទេស)៖ កីឡាករស្នូកឃ័រ Scott Donaldson ឈរនៅចំណាត់ថ្នាក់ទី៥២ ពិភពលោកបានយកឈ្នះគូប្រជែងលេខ៨ Mark Allen ដោយលទ្ធផល ៦-១ ក្នុងព្រឹត្តិការណ៍ UK Championship 2025 ដែលទើបដំណើរបាន ៣ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Donaldson វ័យ ៣១ឆ្នាំ ដែលឪពុក Hector បានទទួលមរណភាពក្នុងវ័យ ៧០ឆ្នាំកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ បានសម្រក់ទឹកភ្នែកផងដែរ នៅពេលដើរមកកាន់ទីលានប្រកួត អមដោយបទចម្រៀង Babylon របស់តារាចម្រៀង David Gray ដែលជាបទចំណង់ចំណូលចិត្តរបស់ឪពុកលោកដែលបានឋានទៅទៀតផង។
ក្នុងជំនួបទល់នឹងអតីតជើងខ្លាំងលេខ១ ពិភពលោក សញ្ជាតិអៀរឡង់ខាងជើង Allen នោះដែរ Donaldson បានបញ្ជាក់ថា «ពិតជាតានតឹងមែនទែន» បើទោះបីជារូបគេបានបើកការនាំមុខ ៣-០ មុនក៏ដោយ។
ទោះជាយ៉ាងណា Allen ដែលបានឈ្នះពាន UK Championship 2022 បានវាយបកឈ្នះ ១ហ្វ្រេមមកវិញតែប៉ុណ្ណោះ នៃការប្រកួតឈានចូលពាក់កណ្តាលផ្លូវ ក្នុងរយៈពេលជាង ១ម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥។
ឆ្លងតាមជ័យជម្នះនេះ Donaldson នឹងឡើងទៅប៉ះកីឡាករចិន Ding Junhui ក្រោយពីទម្លាក់គូប្រជែងរួមសញ្ជាតិ Xu Si ៦-៤ កាលពីព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ នៅឯទីលាន York Barbican ស្របពេល Allen កា្លយជាកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ហាលអាវដ៏លឿនបំផុតបែបនេះទៅវិញ៕




