Samsung បង្ហាញខ្លួន Z TriFold ស្មាតហ្វូនអេក្រង់បត់ ៣ តង់ ដំបូងបង្អស់ តម្លៃជិត ២,៥០០ដុល្លារ ទំហំធំជាង Fold ដល់ទៅ ២៥%

02-12-2025 13:15

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung Electronics បានប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បានដល់ទៅ ៣ តង់ (multi-folding) ដំបូងបង្អស់របស់ខ្លួនគឺ Galaxy Z TriFold។ ការបោះជំហាននេះ គឺជាយុទ្ធសាស្ត្ររបស់ Samsung ដើម្បីពង្រឹងកម្លាំងរបស់ខ្លួននៅក្នុងផ្នែកទូរស័ព្ទអេក្រង់បត់ ដែលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសពីគូប្រជែងចិន និងការរំពឹងពីការចូលរួមរបស់ Apple នៅពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។

Z TriFold មានលក្ខណៈពិសេសក្នុងការលាតចេញជាអេក្រង់ដ៏ធំដល់ទៅ ១០ អ៊ីញ ដោយប្រើប្រាស់បន្ទះអេក្រង់ចំនួនបី ដែលធ្វើឱ្យទំហំបង្ហាញរបស់វាធំជាងម៉ូដែល Galaxy Z Fold 7 ជិត ២៥%។ ក្រៅពីអេក្រង់ធំ ម៉ូដែលនេះក៏បំពាក់នូវថ្មដែលធំជាងគេបំផុតរបស់ Samsung ក្នុងចំណោមទូរស័ព្ទលំដាប់កំពូល និងមានមុខងារសាកថ្មលឿនបំផុត ដោយអាចបញ្ចូលថាមពលបាន ៥០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី។ លោក Alex Lim អនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកលក់របស់ Samsung បានអះអាងពីសក្តានុពលរបស់វាថា៖ «ខ្ញុំជឿថាទីផ្សារទូរស័ព្ទអេក្រង់បត់នឹងបន្តរីកចម្រើន ហើយម៉ូដែល TriFold នេះជាពិសេសអាចដើរតួជាកាតាលីករដែលជំរុញឱ្យមានកំណើនខ្លាំងក្លាជាងមុន...»

ទោះបីជាបច្ចេកវិទ្យាលេចធ្លោក៏ដោយ Z TriFold ត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ប្រហែល ២,៤៤០ ដុល្លារ។ អ្នកវិភាគដូចជាលោក Ryu Young-ho បានមើលឃើញថា ផលិតផលជំនាន់ទីមួយនេះទំនងជាការ «បង្ហាញសមត្ថភាពបច្ចេកវិទ្យាថ្មី» ច្រើនជាងការលក់ក្នុងបរិមាណច្រើន ដោយសារតែតម្លៃខ្ពស់ ការប្រឈមនឹងភាពធន់ និងការប្រកួតប្រជែងកើនឡើង (Huawei បានបញ្ចេញទូរស័ព្ទបត់បីកាលពីឆ្នាំមុន)។ យោងតាម Counterpoint Research ទូរស័ព្ទបត់បាននឹងមានចំណែកតិចជាង ៣% នៃទីផ្សារស្មាតហ្វូនសរុបត្រឹមឆ្នាំ ២០២៧ ទោះបីជាការព្យាករណ៍បង្ហាញពីកំណើនប្រចាំឆ្នាំខ្ពស់ដល់ចន្លោះ ៣០% នៅឆ្នាំ ២០២៦ និង ២០២៧ ក៏ដោយ។

គួរជម្រាបថា ម៉ូដែលដែលផលិតនៅកូរ៉េខាងត្បូងនេះ នឹងចាប់ផ្តើមដាក់លក់ដំបូងនៅក្នុងប្រទេសកំណើតនៅថ្ងៃទី ១២ ខែធ្នូ ហើយបន្តទៅកាន់ទីផ្សារសំខាន់ៗដូចជា ចិន សិង្ហបុរី តៃវ៉ាន់ និងអារ៉ាប់រួម មុនដំណាច់ឆ្នាំនេះ។ ការដាក់លក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅដើមត្រីមាសទីមួយនៃឆ្នាំក្រោយ៕