ការតាំងពិព័រណ៍ «រស់រាន» ជុំទីមួយ នៅមជ្ឈមណ្ឌលបុប្ផាណា បានឈានដល់ការបិទបញ្ចប់ ក្រោយពីបានទាក់ទាញអ្នកទស្សនាជាង ២ ០០០នាក់

02-12-2025 14:37

(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលបុប្ផាណា បានប្រកាសការបិទបញ្ចប់ដំណើការជុំទីមួយ នៃការតាំងពិព័រណ៍ «រស់រាន» ដែលជាការតាំងពិព័រណ៍ដ៏ធំមួយ របស់សិល្បករខ្មែរ លោក គឹម ហាក់ ប្រឹក្សាយោបល់ផ្ទាល់ជាមួយលោក ប៉ាន់ រិទ្ធី និងរៀបចំពិព័រណ៍ដោយ ម៉ឹង មេត្តា ក្រោមកិច្ចសហការជាមួយមូលនិធិរៃ ពិព័រណ៍នេះ​ បានទាក់ទាញអ្នកទស្សនាប្រមាណ ២ ០០០ នាក់ ចាប់តាំងពីបើកដំណើរការកាលពីពាក់កណ្តាលខែតុលា។

ដោយឃើញថាសាធារណជននៅតែបន្តមានចាប់អារម្មណ៍ មជ្ឈមណ្ឌលបុប្ផាណាបានបញ្ជាក់ថាការតាំងពិព័រណ៍នេះនឹងឈានទៅធ្វើការតាំងបង្ហាញបន្ថែមទៀត ដែលជាផ្នែកមួយនៃមហោ ស្រពរូបថតភ្នំពេញ ដែលនឹងបន្តរការបើកទស្សនារូបថតរហូតដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ដោយឡែកវត្ថុពិតដែលតាំងបង្ហាញនៅក្នុងពិព័រណ៍ «រស់រាន» បច្ចុប្បន្នកំពុងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

ក្នុងរយៈពេលមួយខែចុងក្រោយ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន រួមមានសិស្សានុសិស្សពីសាលា ជាច្រើន សាកលវិទ្យាល័យ ក្រុមគ្រួសារ អង្គការ សហគមន៍ និងជនជាតិខ្មែរដែលវិលត្រឡប់ពីបរទេស។ ក្រុម សិស្សានុសិស្សមកពីសាលាជាច្រើន បានចូលរួមជាមួយកម្មវិធីអប់រំ ដែលរៀបចំឡើង ដើម្បីជួយដល់ទស្សនិកជនវ័យក្មេង ឱ្យភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាមរយៈការនិទានរឿងដោយរូបភាព។

លោក កែវ ដួង សាស្ត្រាចារ្យប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានដឹកនាំនិស្សិតចំនួនបីថ្នាក់មកទស្សនា ការតាំងពិព័រណ៍នេះ បានចែករំលែកថា និស្សិតមានការឆ្លើយតបជាខ្លាំងចំពោះបទពិសោធន៍នេះ។

លោកបានថ្លែងថា «ពួកគេពិតជាពេញចិត្តចំពោះវិធីសាស្រ្តច្នៃប្រឌិតក្នុងការបង្ហាញប្រវត្តិសាស្ត្រ ដែលខុសពីអ្វីដែលពួកគេធ្លាប់ រៀនតាមរយៈការអានសៀវភៅ។ និស្សិតជាច្រើនបានពិពណ៌នាអំពីរូបថតដែលធ្វើឱ្យពួកគេមានអារម្មណ៍រំជួលចិត្ត ឬភ្ជាប់ទៅនឹងរឿងរ៉ាវគ្រួសាររបស់ពួកគេផ្ទាល់។ រូបថតបុរសកាន់សំបុត្រចុងក្រោយពីម្តាយរបស់គាត់នៅប្រទេស ជប៉ុន គឺជារូបដែលមានឥទ្ធិពលជាខ្លាំង»

សិល្បករ គឹម ហាក់ បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃបិទបញ្ចប់ការតាំងពិព័រណ៍នេះថា «នេះជាលើកទីមួយហើយនៅក្នុងការតាំងពិព័រណ៍គម្រោង រយៈពេលវែងរបស់ខ្ញុំ មានឈ្មោះថា “រស់រាន” ដែលបាន ដាក់បញ្ចូលកម្រងរូបភាពជម្រើសដកស្រង់ចេញពីជំពូកទាំងបួនមកបញ្ចូលគ្នា ហើយត្រូវបានតាំងបង្ហាញនៅមាតុ
ប្រទេសក្នុងមជ្ឈមណ្ឌលបុប្ផាណា នាទីក្រុងភ្នំពេញ។

ឥឡូវនេះ ក្រោយរយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅ តាមរយៈការតាំងពិព័រណ៍នេះ ខ្ញុំសង្ឃឹមថាអ្នកទស្សនាអាចទទួលបានសារដែលខ្ញុំបានព្យាយាមបង្ហាញ និងរៀនសូត្រថាតើប្រជាជនយើងបាននាំយកវត្ថុទាំងអស់នេះចាកចេញពីផ្ទះរបស់ខ្លួន ត្រូវផ្លាស់ទីលំនៅដោយបង្ខំ ឆ្លងកាត់ជំរំពលកម្មបង្ខំ ជំរំជនភៀសខ្លួន ហើយបន្តទៅផ្ទះថ្មី ក៏ដូចជាប្រទេសថ្មី។

ខ្ញុំសង្ឃឹមថា អ្នកទស្សនាក៏អាចធ្វើស្វ័យឆ្លុះបញ្ចាំង និងចោទសួរខ្លួនឯងថា “តើពួកគេនឹងយកអ្វីទៅជាមួយ ប្រសិនបើមានផ្ទុះសង្គ្រាមឡើងនៅក្នុងមាតុភូមិ របស់ខ្លួន?” តាមរយៈការតាំងពិព័រណ៍ “រស់រាន” និងការសម្លឹងមើលទៅពិភពលោកសព្វថ្ងៃនេះ យើងឃើញថា ជម្លោះ និងសង្រ្គាមនៅតែបន្តកើតមាន ដែលបង្កើតបានជាការផ្លាស់ទី លំនៅជនភៀសខ្លួនថ្មី។ ខ្ញុំពិតជាសង្ឃឹមថា មនុស្សនឹងគិតគូរកាន់តែច្រើនអំពីមនុស្សជាតិ និងការកសាងសន្តិភាព។ នេះជាសាររបស់ខ្ញុំចេញពីការតាំងពិព័រណ៍
នេះ»។

បើមើលទៅលើផលប៉ះពាល់ទូលំទូលាយរបស់ពិព័រណ៍ “រស់រាន” វិញ លោក ប៉ាន់ រិទ្ធី ទីប្រឹក្សាក្នុងការរៀបចំពិព័រណ៍ បានថ្លែងថា ការតាំងពិព័រណ៍នេះ ពិតជាធ្វើឱ្យសាធារណជនមានចំណាប់អារម្មណ៍ជាច្រើន។ ស្នាដៃរបស់ គឹម ហាក់ បានបំផុសឱ្យមានការកោតសរសើរ និងការគោរព ហើយការប្រើប្រាស់ទីតាំងនៅបុប្ផាណា គឺគួរឱ្យចាប់អារម្មណ៍។ លោក ជា សុភាព [នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា] បានសម្រេចពន្យារពេលការតាំងពិព័រណ៍នេះ។

ទស្សនិកជនវ័យ ក្មេង និងសិស្សានុសិស្សនៅមិនទាន់ស៊ាំជាមួយការស្វែងរកស្នាដៃសិល្បៈនៅឡើយទេ។ អ្នកខ្លះក៏ទើបតែស្គាល់មជ្ឈមណ្ឌលបុប្ផាណានាពេលនេះដែរ។ ដូច្នេះ ការសម្រេចចិត្តរបស់ក្រុមការងារ គឺជាការសមហេតុផល ព្រោះយើងត្រូវការប្រើពេលវេលាដើម្បីធ្វើការជាមួយសិស្សានុសិស្សក៏ដូចជាអ្នកផ្សេងទៀត។ នេះជាវិធីសាស្រ្តបែបអប់រំ ដែល អនុញ្ញាតឱ្យមានការស្វែងយល់ថាតើរូបថត និងសិល្បៈជាអ្វី និងក៏ដូចជាដើម្បីស្គាល់អំពីការចងចាំផងដែរ។ នេះគឺដោយសារតែស្នូលចម្បងនៃស្នាដៃរបស់ គឹម ហាក់ គឺការបញ្ជូនការចងចាំឱ្យទៅមនុស្សជំនាន់ក្រោយ។ បើគ្មាន វប្បធម៌ទេ ក៏គ្មានការឆ្លុះបញ្ចាំងអំពីរបួសផ្លូវចិត្តរបស់យើង ឬការព្យាបាលរបួសនេះឡើយ។ ខ្ញុំកត់សម្គាល់ឃើញថានៅតែមានមនុស្សបន្តមកទស្សនា គឺមានទាំងជនជាតិខ្មែរមកពីអាមេរិកខាងជើង ឬអឺរ៉ុបផងដែរ។

គួរឱ្យសោកស្ដាយ ទស្សនិកជនជាច្រើនមិនចង់កត់ឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទស្សនា។ ច្បាស់ណាស់ថាការភ័យខ្លាចមិនហ៊ានបន្សល់ទុកឈ្មោះ អត្តសញ្ញាណ ឬអាសយដ្ឋាននៅកន្លែងណាមួយ នៅតែជាភាពបន្តការប្រុងប្រយ័ត្នរបស់ពួកគាត់។ នេះក៏ជាទម្រង់នៃរបួសផ្លូវចិត្តផងដែរ ពោលគឺជារបួសមួយ ដែលជំរុញឱ្យអ្នកទាំងនោះបន្តស្ងាត់ស្ងៀម។ ត្រង់ចំណុចនេះហើយ ដែលធ្វើឱ្យការងាររបស់យើងនៅពេលនេះមានសារៈសំខាន់។ ពិតណាស់ ខ្ញុំបានសង្កេតឃើញថាមនុស្សចាប់ផ្តើមជជែកគ្នា ក្មេងៗសួរនាំសំណួរផ្សេងៗ ហើយមនុស្សចាស់ៗចាប់ផ្ដើមចែករំលែកអំពីរឿងនានា ដែលជាហេតុបង្កើតឱ្យមានការចែករំលែកព័ត៌មានគ្នារវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត។

ប្រសិនបើអាចទៅរួច គួរឱ្យមានការតាំងពិព័រណ៍នេះបន្តទៅខេត្តបាត់ដំបង និងខេត្តសៀមរាបទៀត។ ក្នុងអំឡុងខែតុលា និងខែវិច្ឆិកាទាំងមូល ពិព័រណ៍ “រស់រាន” បានប្រមូលផ្តុំជំពូកទាំងបួននៃគម្រោងរយៈពេលមួយទសវត្សរ៍របស់លោក គឹម ហាក់ មករួមបញ្ចូលគ្នា ដោយគម្រោងនេះ បានចងក្រងនូវវត្ថុជាច្រើន ដែលក្រុមគ្រួសារខ្មែរបានយកជាប់នឹងខ្លួន លាក់ទុក ឬរក្សាទុក ឆ្លងកាត់សម័យសង្រ្គាម ការផ្លាស់ទីលំនៅ និងការកសាងឡើងវិញ។

ជារឿយៗ អ្នកទស្សនាតែងចំណាយពេលយូរដើម្បីទស្សនា វិលមកទស្សនាម្ដងទៀត ឬនាំសាច់ញាតិមើលមើលការតាំងពិព័រណ៍ ដោយមនុស្សជាច្រើនបានពិពណ៌នាថារូបថត និងវត្ថុទាំងនោះជាគ្រឿងឱ្យពួកគាត់រំលឹកដល់ប្រវត្តិគ្រួសាររបស់ពួកគាត់ផ្ទាល់។ ការតាំងពិព័រណ៍នេះបានជម្រុញឱ្យមានការសន្ទនារវាងជំនាន់ ដោយអ្នកទស្សនាវ័យក្មេងសួរសំណួរ ហើយអ្នកទស្សនាវ័យចំណាស់បានចែករំលែកការចងចាំ ដែលពួកគេប្រហែលជាមិនធ្លាប់និយាយពីមុនមក។

ការបន្តរយៈពេលការតាំងពិព័រណ៍ “រស់រាន” ក្រោយការបញ្ចប់រយៈពេលការតាំងពិព័រណ៍ផ្លូវការ ឱ្យដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងមហោស្រពរូបថតភ្នំពេញ នឹងអនុញ្ញាតឱ្យសាធារណជនមានពេលវេលាបន្ថែមដើម្បីចូល រួមជាមួយទស្សនារូបថតទាំងនេះ។ វគ្គអប់រំ និងកិច្ចដើរទស្សនាអមដោយការបង្ហាញ នឹងបន្តធ្វើឡើងក្នុងអំឡុង
រយៈពេលបន្ថែមនេះ៕