Apple តែងតាំងលោក Amar Subramanya ជាប្រធានផ្នែក AI ថ្មី ស្របពេលក្រុមហ៊ុនកំពុងប្រយុទ្ធនឹងក្រុមហ៊ុនខ្លាំងៗលើសមរភូមិ AI

02-12-2025 15:42

(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសតែងតាំងលោក Amar Subramanya ជាប្រធានផ្នែកបញ្ញាសិប្បនិម្មិត AI ថ្មី ដើម្បីជំនួសលោក John Giannandrea ដែលនឹងចូលនិវត្តន៍នៅដើមឆ្នាំ២០២៦។ ការផ្លាស់ប្ដូរដ៏សំខាន់នេះកើតឡើង ក្នុងពេលដែល Apple កំពុងពង្រឹងយុទ្ធសាស្រ្ត AI និងព្យាយាមទាញយកតំណែងជាអ្នកដឹកនាំវិស័យនេះវិញ បន្ទាប់ពីត្រូវគេរិះគន់ថាមានការរអាក់រអួលក្នុងការអភិវឌ្ឍន៍ Generative AI និង Siri ។

លោក Subramanya ដែលធ្លាប់ជាប្រធានផ្នែក AI នៅ Microsoft និងមានបទពិសោធន៍យូរឆ្នាំនៅ Google ត្រូវបានគេរំពឹងថា នឹងនាំមកនូវភាពខ្លាំងបែបថ្មីក្នុងការអភិវឌ្ឍ «Apple Foundation Model» និងប្រព័ន្ធសុវត្ថិភាព AI។ លោកនឹងរាយការណ៍ផ្ទាល់ទៅលោក Craig Federighi អ្នកដឹកនាំផ្នែក Software Engineering របស់ Apple។ ផ្នែកផ្សេងៗនៃអង្គភាព AI ដែល Giannandrea ធ្លាប់គ្រប់គ្រង ត្រូវបានចែកចាយទៅក្រុមដឹកនាំជាន់ខ្ពស់ផ្សេងៗ ដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្ម AI សម្រាប់អនាគត ដោយមានលើ «Apple Intelligence» ដែលកំពុងត្រូវបានរំពឹងថានឹងក្លាយជាចំណុចសំខាន់ក្នុងប្រព័ន្ធអេកូឡូស៉ីរបស់ Apple ។

គួរជម្រាបថា ការផ្លាស់ប្ដូរនេះត្រូវបានគេចាត់ទុកថាជាជំហានមួយដ៏សំខាន់ សម្រាប់ក្រុមហ៊ុន Apple ក្នុងការប្រកួតប្រជែងជាមួយ Microsoft, Google និង OpenAI ដែលធ្វើដំណើរឆ្ពោះទៅមុខយ៉ាងលឿនក្នុងវិស័យ Generative AI៕