មានហេតុផលសំខាន់ៗចំនួន៣ ធ្វើឲ្យរាជនីក្រមា មាន សូនីតា ព្រមទទួលយកតំណែងជាទូសុឆន្ទៈតំណាងផលិតផលសម្រស់របស់ «Madam Da»
02-12-2025 15:59
(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាម៉ូឌែលល្បីឈ្មោះរាប់ឆ្នាំមានរហស្សនាមថា «រាជនីក្រមា» មាន សូនីតា បានថ្លែងបញ្ជាក់ឲ្យមហាជន និងអ្នកគាំទ្ររបស់ខ្លួនបានដឹងថា មុននឹងនាងសម្រេចចិត្តទទួលយកតំណែងជាទូតសុឆន្ទៈ (Brand Ambassador) តំណាងផលិតផលរបស់អ្នកនាង សៀន សូលីដា ហៅ Madam Da ដែលនាំចូលពីក្រុមហ៊ុន អូនីលបាយអ៊ូ មកពីប្រទេសកូរ៉េ និងជាអ្នកតំណាងចែកចាយបន្តនៅក្នុងប្រទេសកម្ពុជា គឺយោងទៅលើហេតុផល ៣យ៉ាងសំខាន់ និងមានការពិចារណាយ៉ាងល្អិតល្អន់ មុននឹងទទួលយកតំណែងនេះ។
ការថ្លែងដោយបើកចំហលើកដំបូងរបស់តារាសម្ដែង «រាជនីក្រមា» មាន សូនីតា បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រវាង Madam Da និង WoonilBio (កូរ៉េ) និង ពិធីសម្ពោធជាផ្លូវការនូវផលិតផល Brand Madam Da ដែលផលិតផលមានស្តង់ដារពីប្រទេសកូរ៉េ រួមជាមួយនឹងកម្មវិធីចុះហត្ថលេខាជាមួយទូតសុឆន្ទៈ (Brand Ambassador) គឺតារាសម្ដែងកញ្ញា មាន សូនីតា នារាត្រថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលជាការចាប់ផ្តើមនៃយុគសម័យថ្មី ដែលយើងនាំយកនូវបច្ចេកវិទ្យា និងស្តង់ដារគុណភាពលំដាប់ពិភពលោក ពីប្រទេសកូរ៉េខាងត្បូង មកជូនអតិថិជននៅកម្ពុជា។
តារាសម្ដែងដែលត្រូវបានមហាជនមើលឃើញថា មានបេះដូងជាអ្នកអភិរក្សវប្បធម៌ជាតិនិយម មាន សូនីតា បានថ្លែងថា ជាការពិតដូចដែលបងប្អូនទស្សនិកជនបានដឹងហើយថា រូបនាងមិនងាយនឹងទទួលយកតំណែង ជាអ្នកតំណាងផលិតផលណាមួយឡើយ ក្នុងអាជីពជាអ្នកសិល្បៈដូចជារូបនាង ប៉ុន្តែនៅថ្ងៃនេះនាងបានសម្រេចចិត្ត ទទួលយកការងារជាទូតសុឆន្ទៈ (Brand Ambassador) តំណាងផលិតផលខូឡាជេនរបស់អ្នកនាង សៀន សូលីដា ហៅ Madam Da ដែលបាននាំចូលមកពីប្រទេសកូរ៉េ គឺនាងបានមើលឃើញ និងស៊ើបអង្កេតពីប្រវត្តិច្បាស់ណាស់ ទើបហ៊ានសម្រេចចិត្ត។ ជាពិសេសគឺកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវលើគុណភាព របស់តំណាងអ្នកចែកចាយក្នុងប្រទេសកម្ពុជានេះផ្ទាល់តែម្ដង។
ចំពោះហេតុផលសំខាន់ទាំង៣ របស់តារាសម្ដែង មាន សូនីតា គឺនៅត្រង់ថា ទី១ គឺនាងត្រូវការការថែរក្សាសម្រស់ពីខាងក្នុងជាចំបាច់ ព្រោះនាងមានវ័យជ្រេរបន្តិចហើយ ដូច្នេះការថែរក្សាសម្រស់ត្រឹមតែម៉េកអាប់ ពីខាងក្រៅមិនគ្រប់គ្រាន់នោះទេ ពោលគឺត្រូវការខូឡាជេនជំនួយពីខាងក្នុង គឺជារឿងត្រឹមត្រូវសម្រាប់នាង។ ទី២, មាន សូនីតា យល់ឃើញថា ផលិតផលរបស់អ្នកនាង សៀន សូលីដា ហៅ Madam Da មានវត្តមានលើទីផ្សារអស់រយៈពេលជាង ១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់ ដូច្នេះបើផលិតផលមិនល្អ មិនអាចឈរជើងនៅលើទីផ្សារកម្ពុជាបានរហូត ១០ឆ្នាំនោះទេ ពោលគឺនាងទុកចិត្តលើគុណភាពផលិតផលរបស់ Madam Da។ ចំណែកទី៣, គឺដូចបងប្អូននៅកម្ពុជាដឹងស្រាប់ហើយថា ប្រទេសកូរ៉េខាងត្បូង គឺល្បីល្បាញណាស់ខាងផលិតផលថែរក្សាសម្រស់ ហើយមុននឹងផលិតចេញអ្វីមួយ គឺគេបានធ្វើការស្រាវជ្រាវ និងពិនិត្យគុណភាពបានយ៉ាងល្អិតល្អន់ ទើបបញ្ចេញនៅលើទីផ្សារ និងចែកចាយជុំវិញសកលលោក ដូច្នេះនាងមិនអល់អែកឡើយ។
អ្នកនាង សៀន សូលីដា ហៅ Madam Da បានថ្លែងប្រាប់ឲ្យដឹងថា ការឈរជើងដ៏រឹងមាំ និងទទួលបានការគាំទ្ររហូតមកដល់ពេលនេះ គឺស្ថិតនៅលើភាពស្មោះត្រង់ និងការទុកចិត្តពីអតិថិជនរបស់ខ្លួន ហើយផលិតផលរបស់ក្រុមហ៊ុនត្រូវតែមានគុណភាពខ្ពស់។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រវាងក្រុមហ៊ុនរបស់អ្នកនាង និងក្រុមហ៊ុន WoonilBio (កូរ៉េ) និង ពិធីសម្ពោធជាផ្លូវការនូវផលិតផល Brand Madam Da នៅថ្ងៃនេះ គឺបង្ហាញពីភាពដៃគូយ៉ាងជិតស្និទ្ធ ទំនុកចិត្តខ្ពស់រវាងគ្នានឹងគ្នា និងជាការដើរនៅលើទីផ្សារប្រកបដោយភាពរីកចម្រើន ជោគជ័យទាំងអស់គ្នា។ ផលិតផល Da Colla C ដែលមុននេះផ្ទុះការគាំទ្រខ្លាំង បានវិលមកជាថ្មីជាមួយនឹងស្តង់ដាផលិត កាន់តែខ្ពស់នៃប្រទេសកូរ៉េ ភ្ជាប់ជាមួយនឹងការធានាពីក្រុមហ៊ុនធានារ៉ាប់រងលំដាប់យក្ស Samsung បន្ថែមទៀត។
បើយោងតាមការបញ្ជាក់របស់លោក WoonilBio នាយកប្រតិបត្តិក្រុមហ៊ុន អូនីលបាយអ៊ូ របស់ប្រទេសកូរ៉េ ដែលបានចូលរួមក្នុងកម្មវិធីខាងលើ បានសង្កត់ធ្ងន់ថា ទាំងសង្វាក់ផលិតកម្ម វត្ថុធាតុផ្សំ និងគ្រប់ផ្នែកត្រូវបានយកចិត្តទុកដាក់ដើម្បីប្រាកដថា ជាផលិតផលមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ សមនឹងការទុកចិត្តរបស់អតិថិជន ដែលមានមកលើរោងចក្រពីប្រទេសកូរ៉េ។
សូមបញ្ជាក់ថា បន្ទាប់ពីអ្នកជំនួញស្រីដ៏ល្បីអ្នកនាង សៀន សូលីដា ហៅ Madam Da បានបង្វែរទិសឈប់លក់ផលិតផលផ្ទះលេខ២ ដោយបានប្ដូរទិសដៅទៅនាំចូលផលិតផលពីប្រទេសកូរ៉េទាំងស្រុងវិញ ព្រោះឈឺចាប់នឹងទង្វើសៀម ទើបមានវត្តមានតារាសម្ដែង មាន សូនីតា ធ្វើជាទូតសុឆន្ទៈ (Brand Ambassador) នៅថ្ងៃនេះ ខណៈដែលកន្លងមក មាន សូនីតា មិនធ្លាប់ទទួលធ្វើជាអ្នកតំណាងផលិតផលសម្រស់ របស់ក្រុមហ៊ុនណាមួយឡើយ។ តារាសម្តែង មាន សូនីតា បន្តធ្វើពហិការមិនប្រើប្រាស់ និងផ្សព្វផ្សាយផលិតផលពីប្រទេសផ្ទះលេខ២ ហើយការទទួលយកការងារជា BA នេះមិនមែនជារឿងចៃដន្យសម្រាប់នាង ឬតាមរយៈការស្គាល់គ្នា ជាមួយដៃគូស្នេហារបស់ម្ចាស់ប្រេននោះដែរ៕
















