មិនធ្លាប់មានពីមុន! ត្រី Bluefin Tuna ស្រស់ ទម្ងន់១០០គីឡូក្រាម ត្រូវបានភោជនីយដ្ឋានជប៉ុនដ៏ល្បីឈ្មោះ IZA និង Mekong Fine Food កាត់ជូនភ្ញៀវទស្សនា និងធ្វើម្ហូបជូនភ្ញៀវពិសាភ្លាមៗ ដោយមេចុងភៅមកពីជប៉ុន២នាក់ (Video inside)

02-12-2025 16:34

(ភ្នំពេញ)៖ ភោជនីយដ្ឋានជប៉ុនដ៏ល្បីឈ្មោះ IZA បានសហការរួមគ្នាជាមួយ ក្រុមហ៊ុន Mekong Fine Food រៀបចំកម្មវិធី Bluefin Tuna Cutting Event ជាពិសេសអស្ចារ្យ ដោយបាននាំយក ត្រី Bluefin Tuna ស្រស់ ទម្ងន់១០០គីឡូក្រាម មកកាត់ព្រលះជូនភ្ញៀវទស្សនា និងចម្អិនម្ហូប ជូនអតិថិជន ភ្លាមៗ។

ក្នុងរាត្រីដ៏អស្ចារ្យនេះ ថែមទាំងបានអញ្ជើញមេចុងភៅជប៉ុន ២ រូប ដែលមានបទពិសោធ៌នរួមបញ្ចូលគ្នាជាង៥០ ឆ្នាំ មកបង្ហាញពីសិល្បៈនៃការរៀបចំកាត់ត្រី Blue-Fin Tuna បែបជប៉ុនកម្រិតខ្ពស់ ជូនទៅកាន់ភ្ញៀវបានទស្សនាផ្ទាល់ៗ ដែលមានទីតាំងផ្ទាល់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ Rosewood ភ្នំពេញ។

ការរៀបចំម្មវិធីនេះឡើង គឺបញ្ជាក់ពីចក្ខុវិស័យ ភោជនីយដ្ឋាន Iza ក្នុងការបន្តស្វែករកនូវបទពិសោធន៍ថ្មី ប្លែកនៃការទទួលទានម្ហូបជប៉ុនបែបប្រណិត និងបន្តក្នុងការលើកស្ទួយវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា ថែមមួយកម្រិតទៀត៕

ត្រី Kuroshio Bluefin Tuna ទំហំ១០០ គីឡូក្រាម ដែលបាននាំចូលមកនេះ គឺជាពូជត្រីធូណា កម្រ និងល្បីល្បាញលំដាប់ពិភពលោក លើរសជាតិ ភាពស្រស់របស់វា។ ត្រីនេះ ត្រូវបាននាំមកដល់ទីក្រុងភ្នំពេញជាពិសេសសម្រាប់កម្មវិធីនេះ ដោយក្រុមហ៊ុន Mekong Fine Food ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងផ្សំល្អ កម្រៗ ជាច្រើន ដែលទទួលបានការទុកចិត្តពីសំណាក់សណ្ឋាគារ និងភោជនីយដ្ឋានធំៗជាច្រើនទូទាំងប្រទេសកម្ពុជា។

Mekong Fine Food គឺជា ក្រុមហ៊ុនតែ មួយគត់នៅកម្ពុជា ដែលមានសមត្ថភាពនាំចូលត្រី Bluefin Tuna ទំហំធំបែបនេះ ដែលធ្វើឲ្យក្រុមហ៊ុន កាន់តែមានតួនាទីក្នុងការលើកកម្ពស់គុណភាពគ្រឿងផ្សំសម្រាប់ភោជនីយដ្ឋាន និងសណ្ឋាគារថ្នាក់ ខ្ពស់ជាច្រើន។

លោកស្រី មឿន សាតូ អគ្គនាយិកា ក្រុមហ៊ុន Mekong Fine Food បានឱ្យដឹងថា ការសហការរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យអតិថិជន បានទទួលទាននូវម្ហូបប្លែកៗ និងស្រស់ល្អៗ។ លោកស្រីបញ្ជាក់បន្ថែមថា Tuna ស្រស់ដែលបាននាំយកពីជប៉ុនមកនេះ មានលក្ខណៈពិសេសជាងត្រីធម្មតា និងមានរសជាតិ ផ្អែមឆ្ងាញ់។

ជាលើកដំបូងនៅកម្ពុជា ដែលមេចុងភៅឆ្នើមពី Miyakojima នៃប្រទេសជប៉ុន ចំនួន ២ រូប បានបង្ហាញវត្តមាន និងរៀបចំអាហារយ៉ាងពិសេសនៅ សណ្ឋាគារលំដាប់ផ្កាយ ៥ Rosewood ភ្នំពេញ។ មេចុងភៅ Tomoyuki Tahara ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យម្ហូបអាហារ Japanese-French Teppanyaki និងធ្លាប់ធ្វើការនៅភោជនីយដ្ឋាន Kazuo Okada ក្នុងហុងកុង។ លោកគឺជាចុងភៅមានជំនាញយ៉ាងខ្លាំង ក្នុងការបង្ហាញតុបតែងម្ហូបអាហារ និងការជ្រើសរើសគ្រឿងផ្សំ។
ជាមួយគ្នានេះ ចុងភៅ leshige Morishita ដែលជាមេចុងភៅ sushi ប្រចាំភោជនីយដ្ឋាន Sushi Tsumugi Miyakojima ដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំបង្ហាញបច្ចេកទេសប្រពៃណីជប៉ុនយ៉ាងស្ទាត់ជំនាញ ដោយទាក់ទាញភ្ញៀវទេសចរ តាមរយៈចំណេះដឹង សិល្បៈ និងភាពរៀបរយរបស់គាត់។

ក្នុងឱកាសនោះដែរចុងភៅ២រូប ដែលជាអតីតបេក្ខជនក្នុងកម្មវិធី MasterChef Cambodia គឺលោក ចាន់រ៉ា និងលោក សុធារិទ្ធ បានបង្ហាញអារម្មណ៍រំភើប ដែលឃើញត្រីធូណា ដ៏ធំ ដែលត្រូវបាននាំយកកាត់ព្រលះជាលើកដំបូងនៅកម្ពុជា។ហើយតាមរយៈកម្មវិធីនេះ លោកក៏អាចរៀនសូត្របន្ថែមពីមេចុងភៅជប៉ុនផងដែរ។