Barcelona វាយបកឈ្នះ Atletico ៣-១ ដើម្បីនាំមុខកំពូលតារាង La Liga ដាច់ ៤ពិន្ទុពី Real

03-12-2025 09:22

(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯកលីគអេស្ប៉ាញ La Liga គឺ FC Barcelona បានបន្តក្តោបក្តាប់តំណែងកំពូល តារាងយ៉ាងរឹងមាំ និងដាច់ ៤ពិន្ទុផងដែរពីក្រុមលេខ២ Real Madrid តាមរយៈវាយបកឈ្នះគូប្រជែង Atletico Madrid ៣ទល់នឹង១ នាយប់មិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិប្រេស៊ីល Raphinha ជាអ្នករកបានគ្រាប់តាមស្មើ ១-១ មកវិញនៅនាទី២៦ ក្នុងកីឡដ្ឋាន Camp Nou សម្រាប់ជើងទី១ នៃ La Liga 2025-26 បន្ទាប់ពី Alex Baena រកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវមកពីទីក្រុង Madrid តាំងពីនាទី១៩ ក្នុងប្រកួតទី១៥ របស់ពួកគេ។

បន្ថែមលើនេះមិត្តរួមក្រុម Dani Olmo និង Ferran Torres បានរួមចំណែករកបានម្នាក់ ១គ្រាប់ពីក្នុងវគ្គទី២ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤៥,០០០នាក់ ដើម្បីជួយក្រុមរបស់បុរសសញ្ជាតិអាល្លឺម៉ង់ Hansi Flick រកបាន ៣៧ពិន្ទុលេងក្នុងសប្តាហ៍ទី១៥ នាំមុខ ៤ពិន្ទុពីក្រុមលេខ២ Real Madrid របស់លោក Xabi Alonso ដែលនៅសល់ ១ប្រកួតក្នុងដៃ។

នៅចាំបានថា ក្រុមអ្នកមានបុណ្យមួយនេះធ្លាប់បាននាំមុខទីកំពូលតារាង La Liga ដាច់ដល់ទៅ ៥ពិន្ទុផងដែរ ក្រោយផ្តួលគូប្រជែងធំអធិរាជស Real ២-១ នៃជំនួប El Clasico កាលពីខែតុលា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានកាត់បន្ថយមកវិញនៅពេលលេង ៥ប្រកួតបន្តបន្ទាប់។ Real នឹងធ្វើដំណើរទៅកាន់ទីក្រុង Bilbao ដើម្បីប្រឈមមុខនឹង Athletic Club នៅរាត្រីថ្ងៃពុធនេះ ប្រសិនបើឈ្នះនឹងបន្ថយគម្លាតត្រឹម ១ពិន្ទុវិញ។

ចំណែកឯ Atletico របស់លោក Diego Simeone ដែលស្គាល់បរាជ័យក្នុងលីគជាលើកទី២ នារដូវកាលនេះ បន្តស្ថិតនៅលេខរៀងទី៤ ជាបណ្តោះអាសន្នដដែលជាមួយនឹង ៣១ពិន្ទុ តាមពីក្រោយក្រុមលេខ៣ Villarreal ១ពិន្ទុ៕