ស្រ្តីអេស្ប៉ាញ បំបាក់អាល្លឺម៉ង់ ៣-០ ក្នុងជើងទី២ ផ្តាច់ព្រ័ត្រ ការពារជើងឯក Nations League បានសម្រេច

03-12-2025 09:52

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានបន្តគ្រប់គ្រងពានលីគនារីប្រចាំទ្វីបអឺរ៉ុប UEFA Women’s Nations League 2025 ក្រោយយកឈ្នះគូប្រជែងស្រ្តីអាល្លឺម៉ង់ ៣ទល់នឹង០ ដាច់នាយប់មិញ ក្នុងជើងទី២ ផ្តាច់ព្រ័ត្រ។

នេះមានន័យថា ក្រុមគោជល់មួយនេះដណ្តើមបានពានដល់ទៅ៣ ពីការលេងផ្តាច់ព្រ័ត្រ ៤លើកចុងក្រោយក្នុងកម្មវិធីធំៗ បន្ទាប់ពីឈ្នះជើងឯក Women’s World Cup 2023 និង Nations League កាលឆ្នាំ២០២៤ រួចមក។

កីឡាការិនីដែលត្រូវបានជ្រើសចេញពីក្លឹបក្នុងស្រុក FC Barcelona ដូចគ្នាគឺ Claudia Pina រកបាន ២គ្រាប់ម្នាក់ឯង នៅពេល Vicky Lopez រកបាន ១គ្រាប់ពីក្នុងវគ្គទី២ ដើម្បីកំណត់ថា ជាម្ចាស់ជើងឯកនេះតែម្តងក្នុងទឹកដីរបស់ខ្លួន។ ការលេងជើងទី១ នៅទឹកដីអាល្លឺម៉ង់ បញ្ចប់ដោយលទ្ធផលគ្មានគ្រាប់ស៊ុត ពោលគឺ ០-០ ដ្បិតក្រុមឥន្រ្ទីដែកមានឱកាសស៊ុតដល់ទៅ ១៩លើកក៏ដោយ។

ក្រុមរបស់លោកស្រី Sonia Bermudez បន្តដាក់សម្ពាធនៅពេលចាប់លេងវគ្គទី២ នៅកីឡដ្ឋាន Metropolitano ដែលស្ថិតក្នុងទីក្រុង Madrid រហូតបានជោគជ័យរបស់ពួកគេ បើទោះបីជាកីឡាការិនីចាំទី Berger របស់អាល្លឺម៉ង់បានព្យាយាមសង្រ្គោះបាល់ ២លើកដ៏អស្ចារ្យពីក្នុងវគ្គទី១ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ក៏ដោយ។

ទោះជាយ៉ាងណា អេស្ប៉ាញបានទទួលជោគជ័យក្នុងផ្ទះពេលនេះ ដោយពុំមានវត្តមានម្ចាស់ពានបាល់មាស Ballon dÓr ៣សម័យកាល គឺកីឡាការិនី Aitana Bonmati ដោយសារខ្សែបម្រើរូបនេះបាក់ជើងនាពេលអំឡុងហ្វឹកហាត់ត្រៀមលេងជើងទី២។ កីឡាការិនីក្លឹប Barcelona រូបនេះប្រឈមទៅនឹងការអវត្តមានដល់ទៅ ៥ខែឡើងទៅផងដែរ ក្រោយការវះកាត់រួច៕