O’Sullivan ជ្រុះចេញពី UK Championship 2025 ត្រឹមជុំទី១ ប៉ុណ្ណោះ ក្រោមស្នាដៃរបស់គូប្រជែងចិន
03-12-2025 10:36
(បរទេស)៖ អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក ៨សម័យកាល Ronnie O’Sullivan បានហាលអាវពីកម្មវិធីរបស់អង់គ្លេស UK Championship 2025 ដ៏លឿនបំផុតត្រឹមជុំទី១ ក្រោមថ្វីដៃរបស់កីឡាករចិន Zhou Yuelong ដោយលទ្ធផល ៦ទល់នឹង៤ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា កីឡាករជើងចាស់របស់ម្ចាស់ផ្ទះអង់គ្លេសរូបនេះ បានបន្តជ្រុះចេញពីកម្មវិធីនានាកើនដល់ ៣លើកជាប់ៗគ្នាតែម្តង0។
O’Sullivan ដែលនឹងឈានចូលវ័យ ៥០ឆ្នាំនៅថ្ងៃសុក្រសប្តាហ៍នេះ បានលេងក្នុងកម្មវិធី UK Championship ជាលើកដំបូងរបស់លោក គិតចាប់តាំងបរាជ័យ ១៧-៧ ក្រោមស្នាដៃរបស់កីឡាករចិន Zhao Xintong នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឯព្រឹត្តិការណ៍ World Championship ដែលរៀបចំឡើងនៅទីក្រុង Sheffield កាលពីខែឧសភា។
ក្នុងជំនួបជុំបើកឆាកនៅឯទីលាន York Barbican ទល់នឹង Zhou កីឡាករ O’Sullivan បានបរាជ័យដល់ទៅ ៤ហ្វ្រេម ពីវាយកូនខ្មៅបញ្ចូលឡូ រួមទាំងហ្រ្វេមទី៧ ដែលលោកបាននាំមុខពិន្ទុ ៦៤ទល់នឹង០ ហើយក៏ដោយ នៅពេលលទ្ធផលចាញ់ត្រឹមតែ ៦៥-៦៤ពិន្ទុប៉ុណ្ណោះ។
Zhou ដែលឈរនៅលេខរៀងទី២៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន ពុំដែលវាយបកឈ្នះ និងធ្វើបានល្អដូចពេលនេះទេ ពោលគឺវាយបានដល់ទៅ ១២៥ពិន្ទុ ដែលជាស្ថិតិដ៏ខ្ពស់បំផុតសម្រាប់លោកទៀតផង។
ចំណែកឯលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត គឺជើងខ្លាំងលេខ២ ពិភពលោក Kyren Wilson ម្ចាស់ជើងឯកពិភពលោក World Championship 2024 ក៏បានហាលអាវត្រឹមជុំទី១ នេះដែរ ព្រោះចាញ់ Elliot Slessor ៦-៤ ផ្ទុយពី Mark Selby ម្ចាស់ជើងឯក UK Champion ២សម័យបានឡើងទៅជុំបន្ទាប់ ក្រោយផ្តួលគូប្រជែង Lei Peifan របស់ចិន ៦-២៕





