យុវជនអូស្ត្រាលីម្នាក់ប្ដឹងរដ្ឋាភិបាល ជុំវិញការ «ហាមឃាត់មិនឱ្យអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់បណ្ដាញសង្គម»
03-12-2025 11:15
(បរទេស)៖ ថ្មីៗនេះក្មេងជំទង់អូស្ត្រាលីម្នាក់ឈ្មោះ ណូអា ចូនស៍ (Noah Jones) អាយុ ១៥ ឆ្នាំ បានប្តឹងទៅតុលាការជាន់ខ្ពស់ ដើម្បីទាមទារឱ្យលុបចោលនូវច្បាប់ថ្មីរបស់រដ្ឋាភិបាល ដែលនឹងចាប់ផ្តើមហាមឃាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គមល្បីៗដូចជា TikTok, Instagram និង Snapchat ចាប់ពីថ្ងៃទី ១០ ខែ ធ្នូ ខាងមុខ។ រដ្ឋាភិបាលបានការពារគោលការណ៍នេះថា ខ្លួនចង់ការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងការយាយីដោយអ្នកប្រមាញ់តាមប្រព័ន្ធអនឡាញ (online predators)។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា Jones បានអះអាងថា គោលនយោបាយហាមឃាត់ទាំងស្រុងនេះនឹងធ្វើឱ្យក្មេងជំទង់មានអារម្មណ៍ឯកោពីសង្គម ហើយអាចជំរុញឱ្យពួកគេប្រើប្រាស់បណ្តាញសង្គមដោយសម្ងាត់ តាមរយៈការគេចវេះ ដែលនឹងបង្កឱ្យមានហានិភ័យកាន់តែខ្ពស់។ យុវជនរូបនេះបានព្រមានយ៉ាងច្បាស់ថា៖ «យើងគួរតែកាត់ផ្តាច់តែរឿងអាក្រក់ៗនៅលើបណ្តាញសង្គមប៉ុណ្ណោះ។ នៅពេលដែលក្មេងធ្វើអ្វីដោយសម្ងាត់ នោះហើយជាពេលដែលរឿងរ៉ាវអាចក្លាយជាគ្រោះថ្នាក់ខ្លាំង»។ Jones ក៏បានលើកឡើងថា បណ្តាញសង្គមប្រៀបដូចជាទីប្រជុំជនសម័យទំនើប ដែលជាគន្លឹះសំខាន់សម្រាប់មិត្តភក្តិរក្សាទំនាក់ទំនងគ្នា ហើយយុវជនរូបនេះជឿជាក់ថា ក្មេងជំទង់ភាគច្រើន «ទំនងជានឹងរកផ្លូវជៀសវាងការហាមឃាត់នេះ»។
គួរជម្រាបថា បណ្តឹងដែលគាំទ្រដោយក្រុមតស៊ូមតិមួយនេះ បានលើកឡើងបន្ថែមថា ច្បាប់ហាមឃាត់នេះរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញ និងគួរតែត្រូវបានជំនួសដោយវិធានការកំណត់គោលដៅជាក់លាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត (cyberbullying) និងអាកប្បកិរិយាប្រមាញ់ដោយផ្ទាល់វិញ។ ទោះជាមានការប្ដឹងជំទាស់នេះក៏ដោយ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី អានីកា វែលស៍ (Anika Wells) បានបញ្ជាក់ថា រដ្ឋាភិបាលនៅតែតម្កល់ទុកនូវច្បាប់នេះដដែល។ បច្ចុប្បន្ន សំណុំរឿងនេះមិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទសម្រាប់សវនាការនៅឡើយទេ៕













