Nvidia បោះទុនខ្ទង់ ២ ពាន់លានដុល្លារ លើ Synopsys បង្កើនល្បឿនបច្ចេកវិទ្យា AI ខណៈធ្លាប់ប្រើពេលរាប់សប្ដាហ៍ ឥឡូវនៅសល់តែប៉ុន្មានម៉ោងប៉ុណ្ណោះ

03-12-2025 12:49

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានប្រកាសវិនិយោគ ២ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតកម្មវិធីរចនាបន្ទះឈីប Synopsys ដើម្បីរួមគ្នាពន្លឿនការអភិវឌ្ឍឧបករណ៍រចនាថ្មីៗដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។ គោលដៅសំខាន់គឺប្តូរការងាររចនាដ៏ស្មុគស្មាញ ដូចជាការរចនាបន្ទះឈីប ឬម៉ាស៊ីនយន្តហោះ ពីការប្រើប្រាស់បន្ទះឈីបចាស់ (CPU) ទៅជាបន្ទះឈីបសម្រាប់ AI ដ៏មានថាមពល (GPU) ដែលលក់ដោយ Nvidia វិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។

បច្ចុប្បន្ន ការធ្វើត្រាប់តាមការរចនាទាំងនេះលើកុំព្យូទ័រអាចចំណាយពេល រាប់សប្ដាហ៍។ ប៉ុន្តែតាមរយៈការប្រើប្រាស់បច្ចេកវិទ្យារួមគ្នានេះ ការងារនឹងអាចបញ្ចប់ត្រឹមតែ ពីរបីម៉ោង ប៉ុណ្ណោះ។ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានអះអាងថា៖ «ល្បឿនដែលលឿនលើសលប់នេះ នឹងបើកឱកាសដែលមិនធ្លាប់មានពីមុនមក»។

ទោះជាយ៉ាងណា ការវិនិយោគនេះបានធ្វើឱ្យមានការលើកឡើងថា Nvidia កំពុងប្រើប្រាស់លុយដើម្បីជំរុញអតិថិជនឱ្យទិញបន្ទះឈីបរបស់ខ្លួន។ ឆ្លើយតបនឹងការព្រួយបារម្ភនេះ នាយកប្រតិបត្តិក្រុមហ៊ុន Synopsys លោក Sassine Ghazi បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងមិនមានចេតនា ឬការប្តេជ្ញាចិត្តណាមួយ ក្នុងការប្រើប្រាស់ទឹកប្រាក់ ២ ពាន់លានដុល្លារនោះ ដើម្បីទិញ GPUs របស់ Nvidia នោះទេ»។ លោក Ghazi ក៏បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ មិនមែនជាការផ្តាច់មុខ ហើយ Synopsys ស្វាគមន៍ការធ្វើការជាមួយក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀត ដូចជា AMD ឬ Intel ផងដែរ៕