គ្រូថ្មីវិសាខាថា កីឡាករធ្វើការជាមួយលោក ត្រូវមានមហិច្ឆតាចង់ឈ្នះ ទាំងលីគ និងពានសម្ដេចតេជោ

03-12-2025 14:49

(ភ្នំពេញ)៖ លោក Scott Cooper គ្រូបង្វឹកថ្មី នៃក្លិបកីឡាបាល់ទាត់ វិសាខា បានលើកឡើងថា កីឡាករធ្វើការជាមួយលោក ដាច់ខាតត្រូវមានមហិច្ឆតាខ្ពស់ ក្នុងការប្រកួតប្រជែងពាន ទាំងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសគ្រូបង្វឹកថ្មីរូបនេះ ដោយមានការចូលរួមពីអនុប្រធានក្លិបលោក សូរ មុនីរតន៍ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋានវិសាខា។

គ្រូបង្វឹកសញ្ជាតិអង់គ្លេសខាងលើ បន្ដថា មុនសម្រេចមកដឹកនាំវិសាខា លោកបានស្វែងយល់ច្បាស់ពីក្លិប រួមទាំងក្រុមការងារបច្ចេកទេស និងកីឡាករ ពិសេសមហិច្ឆតា និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្លិប ដែលជាក្លិបមានហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប។ លោកដឹងថា រដូវកាលថ្មីនេះ ក្លិបទទួលបានលទ្ធផលមិនសូវល្អប្រសើរ ដែលធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត ចំពោះលទ្ធផល ១១ប្រកួតឈ្នះ ២ ស្មើ ៦ និងចាញ់ ៣ តែលោកនៅតែជឿជាក់លើក្រុម នៅតែអាចដណ្ដើមពានលីគ។

បុរសមានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិ និងក្លិបធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍រូបនេះបន្ដថា «ចំពោះការប្រជែងពានរង្វាន់លីគកំពូលកម្ពុជា នៅតែអាចអ៊ីចឹង បើយើងងគិតគូរតាមការគណនាពិន្ទុ។ ពិតណាស់ យើងស្មើ ៦ដង វាពិបាកក្នុងការឈ្នះពានលីគកំពូល។ ប៉ុន្ដែហេតុបានខ្ញុំគិតថាអាច? ដោយសារខ្ញុំតែងតែខំប្រឹង និងព្យាយាម ដើម្បីរកពិន្ទុក្នុងលីគ ព្រោះខ្ញុំមិនមែនជាប្រភេទគ្រូ ដែលមកគិតថា ឈ្នះពានសម្ដេចតេជោ ឬ Cup នោះទេ ខ្ញុំផ្ដោតលើការព្យាយាមរកពិន្ទុ ដើម្បីរុញក្រុមទៅកំពូលតារាង»

លោក Scott Cooper សង្កត់ធ្ងន់ទៀតថា «អ្វីដែលសំខាន់ គឺយើងត្រូវតែកសាងទស្សនៈវិស័យរបស់ក្រុមបន្ថែមទៀតសិន ដើម្បីធ្វើការផ្លាស់ប្ដូរវាឲ្យបានឆាប់រហ័ស។ ខ្ញុំនឹងអត់ទទួលយកកីឡាករ ដែលផ្ដោតតែលើពានសម្ដេចតេជោទេ ខ្ញុំត្រូវការកីឡាករ ដែលខំប្រឹង និងព្យាយាមាលេងទាំងលីគ និងពានសម្ដេចតេជោ ព្រោះខ្ញុំត្រូវការភាពល្អជាប់លាប់របស់កីឡាករ ដើម្បីរុញក្រុមឆ្ពោះទៅមុខ ។ ខ្ញុំត្រូវការកីឡាករ ដែលមានមហិច្ឆតា ដើម្បីការកែប្រែលទ្ធផលជូនក្លិប ទាំងលីគ និងពានសម្ដេច។ អ្វីដែលសំខាន់បំផុត គឺភាពល្អឲ្យបានទៀងទាត់ ។ នេះជាចំណុចសំខាន់ ដែលខ្ញុំត្រូវធ្វើ»

លោកដឹងថា អ្នកគាំទ្រអត់សូវសប្បាយចិត្តជាមួយលទ្ធផលកន្លងមក ហើយលោកក៏មិននិយាយ ឬសន្យាអ្វីច្រើនដែរ តែលោកថា ក្រុមដែលចង់ឈ្នះវិសាខា ត្រូវតែធ្វើបានល្អជាងវិសាខា ក្រោមការដឹកនាំរបស់ខ្លួន។ លោបន្ដថា «ខ្ញុំនឹងបង្ហាញពីការខិតខំប្រឹងប្រែងធ្វើការរបស់ខ្ញុំ និងជួយដឹកនាំក្រុមការងារបច្ចេកទេសរបស់ខ្ញុំឲ្យធ្វើការដោយឆន្ទៈចង់ឈ្នះជាងមុន។ ខ្ញុំយល់ថា អ្នកគាំទ្រអត់សប្បាយចិត្តជាមួយលទ្ធផលកន្លងមក តែអ្វីដែលខ្ញុំអាចសន្យាបាន ក្នុងនាមជាគ្រូថ្មី ខ្ញុំនឹងត្រូវបន្ថែមនូវស្ដង់ដារនៃការធ្វើការងារថ្មីឲ្យខ្ពស់ជាងមុន ពិសេសរូបខ្ញុំផ្ទាល់ ។ អ៊ីចឹងអ្នកគាំទ្រនឹងឃើញជាក់ស្ដែងលើទីលាន នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរ»