មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីសុខមាលភាព គុណភាពថែទាំសុខភាព និងការអប់រំល្អ ក្លាយជាពលរដ្ឋគំរូដល់សង្គម

03-12-2025 16:57

(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ (MaxiCare Children Hospital) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education Plc.- MJQE) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាផ្លូវការ នៅសាលប្រជុំជាន់ទី៨ នៃមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ដែលពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមអធិបតី លោក វេជ្ជបណ្ឌិត វ៉ាន សុខជា ជាប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមួយនឹងអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន MJQE។

ការចុះអនុស្សរណៈយោគយល់គ្នា គឺក្នុងគោលបំណងដើម្បីរួមគ្នាលើកកម្ពស់ស្តង់ដារថែទាំសុខភាព និងការអប់រំកុមារ ឱ្យទទួលបានការលូតលាស់ធំធាត់ដោយសុខភាពល្អ ព្រមទាំងអាចបញ្ចេញសក្តានុពលពេញលេញក្នុងការសិក្សា និងដើម្បីសម្រេចបានការកសាងកុមារក្លាយជាពលរដ្ឋសកល។

ការរំពឹងទុករួមតាមរយៈកិច្ចសហការនេះ គឺមិនត្រឹមតែសម្រេចបានគោលដៅនៃការចុះអនុស្សរណៈយោគយល់ប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការជះឥទ្ធិពលវិជ្ជមាន ដល់សហគមន៍កុមារ និងឪពុកម្ដាយ តាមរយៈការផ្តល់នូវ សេវាសុខាភិបាល និងការអប់រំ ដែលមានគុណភាពនិងស្តង់ដារអន្តរជាតិ។ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ នឹងបន្តធ្វើឲ្យការសហការនេះ អោយមានប្រសិទ្ធភាព ស្របតាមកិច្ចព្រមព្រៀង ដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ដល់កុមារជាសិស្សនៃសាលាអន្តរជាតិ AII និង Ais។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា សិស្សប្រមាណ ២៤,០០០នាក់ គឺត្រូវការក្រុមគ្រូពេទ្យដែលជំនាញ មានបទពិសោធន៍ខ្ពស់ ដើម្បីថែទាំពួកគេ ហើយមន្ទីរពេទ្យម៉ាក់ស៊ីឃែរគឺសមសក្តិបំផុតសម្រាប់តួនាទីមួយនេះ។ អ្នកឧកញ៉ា ជឿជាក់ថាកិច្ចសហការជាមួយមន្ទីរពេទ្យនឹងផ្ដល់ភាពកក់ក្ដៅជូនដល់ឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស ជាពិសេសសិស្សានុសិស្សមានសុខភាពល្អ រាងកាយមាំមួន ដែលធ្វើឱ្យការសិក្សារលូនទៅមុខ និងទទួលបានលទ្ធផលល្អផងដែរ។ (នាទី ០០៖០៣ ដល់នាទី ០១៖០៣, ០៤៖៤២ ដល់នាទី ០៥៖២៧)

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា ក៏បានបង្ហាញនូវក្ដីរំភើបរីករាយដែលបានសហការគ្នាជាមួយខាងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។ ក្នុងនាមប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ, លោកវេជ្ជបណ្ឌិត ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការថែទាំសិស្សានុសិស្សនៃសាលាអន្តរជាតិ AIS និង Aii ដើម្បីសុខមាលភាពរបស់កុមារ។ (០៥៖៥០ ដល់នាទី ០៧៖៤៧)

សូមជម្រាបថា អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែលបានឯកភាពគ្នារួមមាន៖

*ការយកចិត្តទុកដាក់លើសុខភាពសិស្សានុសិស្ស និងបុគ្គលិក MJQE មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ មានជំនាញផ្តល់សេវាព្យាបាលកុមារ២៤ម៉ោង និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសដល់សិស្សានុសិស្ស និងបងប្អូនបង្កើតរបស់សិស្ស និងដល់កុលបុត្របុលធីតារបស់បុគ្គលិក ដោយគ្រាន់តែបង្ហាញបណ្ណសម្គាល់ខ្លួន នឹងទទួលបានការបញ្ចុះតម្លៃ ៥% លើវិក្កយបត្រសរុបសម្រាប់សេវាព្យាបាលទូទៅ (លើកលែងសេវាចាក់ថ្នាំបង្ការ)។ ការបញ្ចុះតម្លៃ ១៥% លើសេវាពិនិត្យសុខភាព (Health Check-up)។ លើសពីនេះ ក៏មានការបណ្តុះបណ្តាលសង្គ្រោះបឋម (First Aid) ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ២ដងក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ ដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងសាលា

*ជាការឆ្លើយតប ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងផ្តល់ជូននូវអាហារូបករណ៍ និងការបញ្ចុះតម្លៃសិក្សាពិសេស ជូនដល់បុគ្គលិកមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងក្រុមគ្រួសារផ្ទាល់ (ប្តី/ប្រពន្ធ និងកូន) សម្រាប់ការចុះឈ្មោះចូលរៀនថ្មីនៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)៖

• ផ្តល់ជូន ១០០% លើតម្លៃតេស្ត និងបញ្ចុះតម្លៃសិក្សាចាប់ពី ១០% ដល់ ២០% (អាស្រ័យតាមសាខា និងកម្រិតសិក្សា) សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង

• បញ្ចុះតម្លៃរហូតដល់ ៤០% សម្រាប់ការចុះឈ្មោះចូលរៀនជាកញ្ចប់នៅសាលាទាំងពីរ (Aii និង AIS)។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ដោយវេជ្ជបណ្ឌិតខ្មែរ ដោយបានក្លាយជាមន្ទីរពេទ្យឯកទេសរោគកុមារឯកជនមួយឈានមុខគេ ដែលប្រមូលផ្តុំដោយវេជ្ជបណ្ឌិតឯកទេសរោគកុមារជាច្រើនរូប មានជំនាញច្បាស់លាស់ បទពិសោធន៍ច្រើនឆ្នាំ និងបានបញ្ចប់ការសិក្សាឯកទេសកម្រិតខ្ពស់ពីបណ្តាប្រទេសនានា ដូចជា បារាំង កូរ៉េ និងអូស្ត្រាលីជាដើម។
ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបានផ្តល់សេវាថែទាំសុខភាពដល់អ្នកជំងឺកុមារសរុបជាង ៦ម៉ឺននាក់ និងផ្តល់ការពិគ្រោះពិនិត្យព្យាបាលសរុបជាង ២០ម៉ឺនដង។

មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ISO 9001:2015 (ការគ្រប់គ្រងគុណភាព) និង ISO 10004:2018 (ភាពពេញចិត្តរបស់អតិថិជន)។ ថ្មីៗនេះ មន្ទីរពេទ្យក៏បានទទួលពានរង្វាន់អន្តរជាតិពី Global Health Asia Pacific ជាពាន «Paediatric Service Provider in Cambodia of the Year 2025» ដែលមានមន្ទីរពេទ្យធំៗល្បីៗបណ្ដាលប្រទេសតំបន់អាស៊ីអាគ្នេយ៍បានចូលរួមផងដែរ៕