គ្រូព្រះខ័នរាជ រំពឹងធ្វើអ្នកគាំទ្រមានមោទនភាព ក្រោយជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta'zim FC
03-12-2025 18:02
(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះ ទទួលក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta'zim FC ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍(ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ពូលB នាវេលាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Matthew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្ដែងក្ដីរីយរាយ ជាមួយការប្រកួតទល់ក្រុមខ្លាំងលំដាប់តំបន់ខាងលើ ហើយលោកសង្ឃឹមថា ក្រោយចប់ការប្រកួតនេះ ក្រុមទាំងមូល នឹងមានមោទនភាពជាមួយអ្នកគាំទ្រផងដែរ។
មុនការប្រកួតដ៏ទាក់ទាញជាមួយគីឡូធ្ងន់លេងពាន AFC Champions League Elite ខាងលើ លោក Mcconkey បាននិយាយទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា «ខ្ញុំចង់ចង់ឲ្យអ្នកគាំទ្រមកលើកទឹកចិត្តយើងដូចរាល់ដង។ យើងនឹងរង់ចាំជួបពួកគាត់ថ្ងៃស្អែក ជាមួយវត្តមានអ្នកគាំទ្រដ៏ច្រើន ហើយខ្ញុំសង្ឃឹមថា ក្រោយចប់ការប្រកួត ពួកគាត់នឹងមានមោទនមភាពសម្រាប់ក្រុមរបស់យើង»។
ទោះបីដឹងថា Johor Darul Ta'zim FC គឺជាក្រុមខ្លាំង តែព្រះខ័នរាជស្វាយរៀង នឹងមិនផ្ដោតលេងបែបការពារឡើយ ពោលគឺក្រុមនឹងផ្ដោតលើការប្រកួត តាមផែនការរបស់ក្រុម ពិសេសនៅពេលមានបាល់។ នេះគឺជាឱកាសល្អមួយ ដើម្បីបង្ហាញពីកម្រិតលេងរបស់ក្រុមតំណាងកម្ពុជា។ លោក Matthew Mcconkey បន្ថែម។
ទន្ទឹមជាមួយគ្នាលោក Xisco Munoz គ្រូបង្វឹកក្រុម Johor Darul Ta'zim FC បានបង្ហាញនូវការគោរព ចំពោះក្រុមម្ចាស់ផ្ទះ ដោយចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាក្រុមមួយដ៏ល្អ ។ លោកបានស្វែងយល់ពីក្រុម និងកីឡាករ។ ដូច្នេះលោកបានត្រៀមខ្លួនរួចរាល់ ដើម្បីត្រៀមការប្រកួតដ៏សំខាន់ ដែលអាចកំណត់ដំណើរទៅវគ្គបន្ដរបស់ក្រុមខ្លួន ក៏ដូចជាបង្ហាញនូវការប្រកួត ក្នុងនាមក្រុមតំណាងប្រទេសម៉ាឡេស៊ីផងដែរ។
គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូលរបស់ក្រុមទាំងពីរ ខណៈបច្ចុប្បន្ន Johor Darul Ta’zim FC កំពុងឈរកំពូលតារាង រកបាន ៦ពិន្ទុ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលព្រះខ័នរាជស្វាយរៀង ឈរលេខ២ រកបាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតក្រៅដីឈ្នះ ១ និងចាញ់ ១។ នេះគឺជាការប្រកួតក្នុងដីលើកដំបូងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា៕









