ប៉ះក្រុមខ្លាំង Johor យប់នេះ ខ្សែការពារស្វាយរៀងថា គ្មានអ្វីត្រូវខ្លាច ឬបារម្ភពីការចាញ់ឡើយ
04-12-2025 07:59
(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC នាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។
នេះគឺជាជំនួបដ៏ទាក់ទាញសម្រាប់អ្នកគាំទ្រកម្ពុជា ដ្បិត Johor Darul Ta’zim FC ត្រូវបានចាត់ទុកជាក្រុមខ្លាំងលំដាប់កំពូលមួយក្នុងតំបន់ ដែលកំពុងលេងពាន AFC Champions League Elite ជាពានកម្រិតទី១ នៅអាស៊ី ហើយគ្រូបង្វឹកលោក Matthew Mcconkey និងកីឡាករ Odawara Takashi ខ្សែការពារក្លិបព្រះខ័នរាជស្វាយរៀង សុទ្ធតែទទួលស្គាល់ពីភាពខ្លាំងនេះ។ បែបនេះក្ដី Takashi ថា មិនមានអ្វីត្រូវព្រួយបារម្ភឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ខ្សែការពារជនជាតិជប៉ុនរូបនេះ បានបញ្ជាក់ថា «ទោះបីពួកគេ(ក្លិប Johor Darul Ta’zim FC) សប្បូរដោយកីឡាករមានគុណភាព និងមានបទពិសោធន៍លេងនៅអឺរ៉ុបក៏ដោយ តែតាមរយៈការទស្សនាការប្រកួតប៉ុន្មានប្រកួតចុងក្រោយរបស់គាត់ យើងដូចជាអត់មានអ្វីត្រូវខ្លាច ឬគិតថា ខ្លួនត្រូវចាញ់ការប្រកួតនោះទេ។ ពាក់ព័ន្ធនឹងស្មារតីរបស់យើង គឺល្អមែនទែន ដោយយើងមានទំនុកចិត្តខ្ពស់ក្នុងការប្រកួតនេះ»។
គួរដឹងថា នេះគឺជាការប្រកួតទី៣ ក្នុងពូលរបស់ក្រុមទាំងពីរ ខណៈបច្ចុប្បន្ន Johor Darul Ta’zim FC កំពុងឈរកំពូលតារាង រកបាន ៦ពិន្ទុ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលព្រះខ័នរាជស្វាយរៀង ឈរលេខ២ រកបាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតក្រៅដីឈ្នះ ១ និងចាញ់ ១។ នេះគឺជាការប្រកួតក្នុងដីលើកដំបូងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា មុនបន្ដជួបក្រុមបាតតារាង Bangkok United របស់ថៃ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខ៕







