Leeds យកឈ្នះ Chelsea គេចចេញពីតំបន់កាត់ចោល ស្របពេល Arsenal ឈ្នះ Brentford ដោយស្រួល
04-12-2025 09:15
(បរទេស)៖ Leeds United ដែលកំពុងត្រដាបត្រដួសក្បែរបាតតារាង Premier League បានយកឈ្នះក្រុមខ្លាំងតោខៀវ Chelsea ៣-១ យប់មិញ ដើម្បីឆ្លងផុតពីតំបន់កាត់ចោលវិញ នៅពេលកាំភ្លើងធំ Arsenal បានបន្ថែម ៣ពិន្ទុ បន្ទាប់ពីយកឈ្នះ Brentford ២-០ ដោយងាយក្នុងដីរបស់ពួកគេ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមរយៈផ្តួល Chelsea ក្នុងលីគអង់គ្លេសនៃសប្តាហ៍ទី១៤ នេះដែរ Leeds បានបញ្ចប់កំណត់ត្រាចាញ់ ៦លើក ក្នុងចំណោម ៧ប្រកួតចុងក្រោយរបស់ពួកគេ និងឡើងទៅឈរនៅលេខរៀងទី១៧ វិញជាមួយនឹង ១៤ពិន្ទុតំបន់មានសុវត្ថិភាពពីលើ West Ham, Burnley និង Wolves គ្រាដែលគូប្រជែងក្រុមរបស់លោក Enzo Maresca បានស្គាល់រសជាតិចាញ់ជាលើកទី៤ ស្ថិតនៅលេខ៤។
ពួកគេបានចាប់ផ្តើមលេងនៅកីឡដ្ឋាន Elland Road ទាំងដែលកំពុងស្ថិតក្នុងតំបន់កាត់ចេញពី Premier League នៅពេលអ្នកចាត់ការទូទៅសញ្ជាតិអាល្លឹម៉ង់ Daniel Farke ស្ថិតក្នុងសម្ពាធផងដែរ ជាមួយនឹងទម្រង់លេងដ៏យ៉ាប់យឺនតាំងពីដើមរដូវកាលមក។
ចំណែកឯ Arsenal របស់លោក Mikel Arteta វិញ យកបាន ៣ពិន្ទុក្នុងកីឡដ្ឋាន Emirates របស់ពួកគេដោយស្រួល នៃសប្តាហ៍ទី១៤ ជើងទី១ តាមរយៈបំបាក់ភ្ញៀវ Brentford ២ទល់នឹង០ ពីការធ្វើបានរបស់កីឡាករ Mikel Merino និងកីឡាករបម្រុង Bukayo Saka។
តាមរយៈជ័យជម្នះដ៏គាប់ប្រសើរនេះដែរ បានញាំងឱ្យកាំភ្លើងធំរកបាន ៣៣ពិន្ទុ បន្តនាំមុខកំពូលតារាង Premier League ដាច់ ៥ពិន្ទុពីក្រុមលេខ២ Manchester City នៅពេលក្រុមឃ្មុំ Brentford នៅក្រៅតំបន់កាត់ចោលតែ ៨ពិន្ទុ ប៉ុណ្ណោះ ស្ថិតក្នុងលេខរៀងទី១៣៕



