Real យកឈ្នះ Athletic មែនពិត ប៉ុន្តែខ្សែការពារសំខាន់ Arnold ជួបបញ្ហារបួស
04-12-2025 09:59
(បរទេស)៖ Real Madrid បានបំបាក់ក្រុមម្ចាស់ផ្ទះ Athletic Club ៣ទល់នឹង០ នៅក្របខណ្ឌ La Liga យប់មិញនេះ ដើម្បីបញ្ចប់កំណត់ត្រាលេងមិនឈ្នះសោះចំពោះ ៣ប្រកួតចុងក្រោយក្នុងលីគអេស្ប៉ាញ នៅពេលខ្សែការពារ Trent Alexander-Arnold របស់ពួកគេបានរងរបួសសរសៃពួរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ទើបតែចូលលេងបាន ៥ប្រកួតប៉ុណ្ណោះជាមួយអធិរាជស Real នៅ La Liga ក្នុងរដូវកាលដំបូងរបស់លោកផងដែរ ក្រោយផ្ទេរចេញពី Liverpool រួចមក។
៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យក្រុមរបស់លោក Xabi Alonso បន្ថយគំលាតកំពូលតារាងពី FC Barcelona មកនៅត្រឹម ១ពិន្ទុវិញ ក្រោយពេលឆ្លងកាត់បាន ១៥ប្រកួតដូចគ្នា ដែលទើបតែបរាជ័យ ១លើកគត់ ស្របពេលក្រុមរបស់លោក Hansi Flick វិញបានចាញ់ ២លើក។
ក្នុងប្រកួតនោះដែរ ខ្សែប្រយុទ្ធ Kylian Mbappe រកបាន ២គ្រាប់ម្នាក់ឯង និងបោះឱ្យដៃគូ Eduardo Camavinga ស៊ុតបាន ១គ្រាប់ដែរ ពីជ័យជម្នះលើកទី១១ ក្នុងលីគ La Liga 2025-26 របស់ពួកគេ និងជាការបរាជ័យលើកទី៧ ក្នុងចំណោម ១២ប្រកួតចុងក្រោយសម្រាប់ Athletic រុញពួកគេធ្លាក់ទៅលេខ៨ ដោយមាន ២០ពិន្ទុ។
Arnold ក្រោយពេលបញ្ជូនបាល់ឱ្យប្រធានក្រុមបញ្ចប់ទីគ្រាប់ទី១ បានសម្រេច ក៏បង្ខំចិត្តប្តូរចេញនៅនាទី៥៥ ផងដែរ ដោយសារមានបញ្ហារបួសជើង ពីការបង្ហាញខ្លួនលើកទី៥ នៅ La Liga ដែលទើបជាពីរបួសសរសៃពួរកន្លងមកដែរ៕



