Meta ទាក់ទាញបានអ្នក Design កំពូលរបស់ Apple លោក Alan Dye ដើម្បីមកជួយប្រកួតប្រជែង AI

04-12-2025 11:14

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platforms បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយបានប្រកាសជួលលោក Alan Dye ដែលជាអ្នកដឹកនាំផ្នែករចនា (Design) ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Apple អស់រយៈពេលជាយូរឆ្នាំ។ ការផ្លាស់ប្តូរនេះបង្ហាញយ៉ាងច្បាស់ពីការប្រកួតប្រជែងដណ្តើមធនធានមនុស្សកំពូលរវាងក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនៅក្នុងសង្វៀន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥។

លោក Alan Dye ដែលបានចាប់ផ្តើមអាជីពនៅ Apple តាំងពីឆ្នាំ ២០០៦ និងជាអ្នកទទួលខុសត្រូវរចនារូបរាងសំខាន់ៗនៃផលិតផលល្បីៗដូចជា Vision Pro, iPhone X និង Apple Watch នឹងចូលរួមកាន់តំណែងជា ប្រធានផ្នែករចនា (Chief Design Officer) របស់ Meta នៅថ្ងៃទី ៣១ ខែធ្នូ។ ការជួលនេះបានសបញ្ជាក់ពីមហិច្ឆតារបស់ Meta ក្នុងការបង្កើនការផលិត ឧបករណ៍ប្រើប្រាស់បំពាក់ដោយ AI របស់ខ្លួន ដូចជាវ៉ែនតាឆ្លាតវៃ (smart glasses) និងឧបករណ៍ពាក់ជាប់ខ្លួនជំនាន់ថ្មីៗ។

ជុំវិញការចាកចេញនេះ កាសែត Bloomberg News បានរាយការណ៍ថា លោក Stephen Lemay ដែលជាអ្នករចនាជើងចាស់នឹងឡើងកាន់តំណែងជំនួសលោក Dye នៅ Apple។ នាយកប្រតិបត្តិ​ (CEO) ក្រុមហ៊ុន Apple លោក Tim Cook បានថ្លែងបញ្ជាក់ពីភាពជឿជាក់លើក្រុមការងារថា៖ «លោក Steve Lemay បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរចនាចំណុចប្រទាក់សំខាន់ៗទាំងអស់របស់ Apple តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ»។

គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូររបស់លោក Dye នេះបានកើតឡើងក្នុងអំឡុងពេលដែលមានការចាកចេញជាបន្តបន្ទាប់របស់អ្នកដឹកនាំជាន់ខ្ពស់នៅ Apple រួមទាំងលោក Jeff Williams និងប្រធានផ្នែក AI លោក John Giannandrea ផងដែរ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាមួយបញ្ជាក់ពីសង្គ្រាមដណ្តើមទេពកោសល្យដ៏ខ្លាំងក្លានៅ Silicon Valley ដើម្បីដណ្តើមបានឧត្តមភាពនៅក្នុងសមរភូមិ AI នាពេលបច្ចុប្បន្ន៕