អាល្លឺម៉ង់ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Women’s Euro 2029 ក្រោយរៀបចំផ្នែកបុរស កាលឆ្នាំទៅ

04-12-2025 11:30

(ប៊ែកឡាំង)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសថា ប្រទេសអាល្លឺម៉ង់ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹតិ្តការណ៍ Women’s Euro 2029 ផ្នែកនារី បន្ទាប់ពីទើបធ្វើម្ចាស់ផ្ទះផ្នែកបុរសផងដែរ កាលពីឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ស្រ្តីអាល្លឹម៉ង់ ដែលបានឡើងផ្តាច់ព្រ័ត្រ Women’s Euro 2021 ក្នុងនាមជាជើងឯក ៨សម័យកាលច្រើនជាងគេផងនោះ បានយកឈ្នះដៃគូប្រកួតប្រជែងប៉ូឡូញ និងសហម្ចាស់ផ្ទះដាណឺម៉ាក និងស៊ុយអែត។ នេះបើតាមការបញ្ជាក់ពីប្រមុខ UEFA គឺលោក Aleksander Ceferin។

លោក Ceferin បានថ្លែងក្នុងកិច្ចប្រជុំប្រតិបត្តិ UEFA ដែលធ្វើឡើងនាទីក្រុង Nyon ប្រទេសស្វីសកាលពីរាត្រីថ្ងៃពុធថា «វាជាការខកចិត្តផងដែរសម្រាប់ ៣ប្រទេសបានដែលចូលរួមដេញថ្លៃសុំសិទ្ធិធ្វើម្ចាស់ផ្ទះ Women’s Euro 2029 ជំនាន់ទី១៥ ដែលចុងក្រោយបានទៅលើអាល្លឺម៉ង់»

កម្មវិធីដែលតែងតែរៀបចំឡើងនារដូវក្តៅ មានរយៈពេល ៤ឆ្នាំម្តងនេះ នឹងមាន ១៦ក្រុមលេងជុំចុងក្រោយជាលើកទី៤ នៅទូទាំង ៨កីឡដ្ឋានធំៗនៅអាល្លឺម៉ង់នៅតាមទីក្រុង Cologne, Dortmund, Dusseldorf, Frankfurt, Hanover, Leipzig, Munich និងទីក្រុង Wolfsburg។

កន្លងមក ប្រទេសព័រទុយហ្គាល់ និងអ៉ីតាលី ក៏បានដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះដែរ ក៏ប៉ុន្តែបានដកខ្លួនវិញ ក្រោមហេតុផលផ្តោតលើការដេញថ្លៃធ្វើម្ចាស់ផ្ទះ Men’s Euro នៅឆ្នាំ២០៣២ ឬក៏ Men’s World Cup នៅឆ្នាំ២០៣០ ជំនួសវិញ ស្របពេលស្រ្តីអង់គ្លេស ជាម្ចាស់ជើងឯក ២សម័យចុងក្រោយជាប់គ្នា នៅពេលផ្តួលជើងខ្លាំងអាល្លឺម៉ង់ និងអេស្ប៉ាញពីវគ្គផ្តាច់ព្រ័ត្ររួចមក៕