Server ជំនាន់ថ្មីរបស់ Nvidia បង្កើនល្បឿន AI របស់ចិន «Moonshot AI» បានដល់ទៅ ១០ ដង
04-12-2025 12:44
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានប្រកាសពីសមត្ថភាពដ៏អស្ចារ្យនៃម៉ាស៊ីនមេ (Server) បញ្ញាសិប្បនិមិត្ត (AI) ជំនាន់ចុងក្រោយរបស់ខ្លួន ដែលអាចបង្កើនល្បឿនដំណើរការនៃម៉ូដែល AI ដ៏ល្បីល្បាញរបស់ចិន គឺ Moonshoot AI និង DeepSeek បានដល់ទៅ ១០ ដង បើធៀបនឹង Server ជំនាន់មុន។ ការកើនឡើងល្បឿននេះ គឺសម្រាប់បំរើ (serving) ម៉ូដែល AI ដល់អ្នកប្រើប្រាស់រាប់លាននាក់ ខណៈដែល Nvidia កំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីគូប្រជែងដូចជា Advanced Micro Devices (AMD) និង Cerebras។ នេះបើយោងតាមទិន្នន័យថ្មីដែលបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥។
ល្បឿនយ៉ាងគំហុកនេះ ផ្តោតជាពិសេសលើម៉ូដែល AI ប្រភេទ «Mixture-of-Expert» ដែលជាបច្ចេកទេសធ្វើឱ្យ AI កាន់តែមានប្រសិទ្ធភាព ដោយបែងចែកសំណួរស្មុគស្មាញឱ្យ «អ្នកជំនាញ» ក្នុងប្រព័ន្ធដោះស្រាយ។ បច្ចេកទេសនេះកំពុងពេញនិយមខ្លាំង ហើយត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗដូចជា OpenAI (អ្នកបង្កើត ChatGPT) និង Moonshoot AI របស់ចិន។ ម៉ូដែល AI ប្រភេទនេះ ទាមទារការបណ្តុះបណ្តាលតិចជាងមុននៅលើបន្ទះឈីបរបស់ Nvidia ក៏ពិតមែន ប៉ុន្តែ Nvidia នៅតែអះអាងថា Server របស់ខ្លួនគឺចាំបាច់បំផុតសម្រាប់ការដាក់ឱ្យប្រើប្រាស់ម៉ូដែលទាំងនោះ។
ជាក់ស្ដែង Server AI ចុងក្រោយរបស់ Nvidia ដែលផ្ទុកបន្ទះឈីបនាំមុខគេជាច្រើន ភ្ជាប់គ្នាយ៉ាងលឿន បានបង្កើនប្រសិទ្ធភាពម៉ូដែល Kimi K2 Thinking របស់ Moonshot AI បានដល់ទៅ ១០ ដង។ ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា៖ «ការកើនឡើងនេះភាគច្រើនបានមកពីចំនួនបន្ទះឈីបដ៏ច្រើនដែលវាអាចផ្ទុកចូលទៅក្នុងម៉ាស៊ីនមេ និងតំណភ្ជាប់លឿនរវាងពួកវា ដែលជាផ្នែកមួយដែល Nvidia នៅតែមានគុណសម្បត្តិលើគូប្រជែងរបស់ខ្លួន»។ កំណែទម្រង់ Server នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Nvidia ក្នុងការរក្សាភាពនាំមុខក្នុងយុគសម័យ AI ទោះបីជាមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុន AMD ដែលក៏កំពុងរៀបចំ Server ស្រដៀងគ្នានេះដើម្បីចេញលក់ក្នុងឆ្នាំក្រោយក៏ដោយ៕











