Meta ជួលបុគ្គលមានសមត្ថភាពខ្លាំងៗយ៉ាងហោច ៦នាក់ពីក្រុមហ៊ុន Apple មកធ្វើការ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ
04-12-2025 14:37
(បរទេស)៖ ក្នុងយុគសម័យប្រកួតប្រជែង មនុស្សមានសមត្ថភាពខ្លាំងៗកំពុងត្រូវបានក្រុមហ៊ុនល្បីៗទាក់ទាញយក ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកធំៗកំពុងប្រទាញប្រទង់គ្នាដណ្តើមយកមនុស្សមានជំនាញខ្លាំង ឲ្យមកចូលរួមក្នុងគម្រោងរបស់ខ្លួន ជាពិសេសផ្តោតសំខាន់លើ AI។ និយាយឲ្យចំ គឺក្រុមហ៊ុន Meta ត្រូវបានព័ត៌មានធំៗជាច្រើនចុះផ្សាយបន្តបន្ទាប់ពីការ ទាក់ទាញបានបុគ្គលមានសមត្ថភាពខ្លាំងៗយ៉ាងហោច ៦នាក់ពីក្រុមហ៊ុន Apple មកធ្វើការជាមួយខ្លួន ក្នុងក្រុម Superintelligence Labs ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អ្នកជំនាញខាងបញ្ញាសិប្បនិម្មិត (AI) និងអ្នករចនាជាន់ខ្ពស់ គឺជាមនុស្សដែល Meta សំឡឹងឃើញមុនគេ។
ក្នុងចំណោមអ្នកដែលបានផ្លាស់ប្តូរពី Apple ទៅចូលរួមជាមួយ Meta មានដូចជា៖
* លោក Frank Chu ជាអ្នកស្រាវជ្រាវផ្នែក AI បានក្លាយជាមនុស្សទី៦ ក្នុងក្រុមហ៊ុន Apple ដែលបានផ្លាស់ទៅចូលរួមជាមួយ Meta ត្រឹមរយៈពេលប្រហែល ៧សប្ដាហ៍។
* លោក Ruoming Pang ជាអ្នកគ្រប់គ្រងផ្នែក Foundation Models នៅ Apple ក៏បានចូលរួមជាមួយ Meta។
* លោក Tom Gunter និង Mark Lee ដែលជាអ្នកស្រាវជ្រាវ AI មិនបង្អង់យូរ ក៏ងាកទៅចូលរួមជាមួយ Meta ក្រោយអ្នកអ្នកជិតស្និទ្ធរបស់ពួកគេ គឺលោក Ruoming Pang ចាកចេញពីក្រុមហ៊ុនពី Apple ទៅ Meta។
* លោក Bowen Zhang —អ្នកស្រាវជ្រាវ AI មុខវិជ្ជា Multimodal បានចាកចេញពី Apple ទៅ Meta Superintelligence Labs។
ក្រៅពីផ្នែក AI Meta ក៏បានទាក់ទាញលោក Alan Dye អ្នកដឹកនាំផ្នែករចនារបស់ Apple ដែលធ្លាប់ធ្វើការអស់រយៈពេលជាង២៣ឆ្នាំ ឲ្យទៅចូលរួមធ្វើការជាមួយខ្លួនផងដែរ។ លោក នឹងត្រូវចូលរួម Meta ជា Chief Design Officer កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ។
គួរជម្រាបថា នេះជាការផ្លាស់ប្តូរបុគ្គលិកយ៉ាងច្រើនពី Apple ទៅ Meta ដែលបង្ហាញថាការប្រកួតប្រជែងក្នុងវិស័យ AI កំពុងកើតឡើងយ៉ាងខ្លាំង ពិសេសក្នុងការចាប់យកអ្នកមានជំនាញខ្ពស់ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI ជំនាន់បន្ទាប់៕












