ប្រធានាធិបតី ត្រាំ រំពឹងថា នឹងទទួលបានពាន FIFA Peace Prize ក្នុងពិធីចាប់ឆ្នោត World Cup 2026 ស្អែកនេះ
04-12-2025 15:06
(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងចូលរួមក្នុងកម្មវិធីចាប់ឆ្នោតបែងចែកពូលនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលនឹងរៀបចំឡើងនាថ្ងៃសុក្រ ទី០៥ ខែធ្នូស្អែកនេះ ដែលត្រូវបានគេរាយការណ៍ថា នឹងទទួលបានពានរង្វាន់ពិសេសមួយពីស្ថាប័ន FIFA ទៀតផង។
FIFA ធ្លាប់បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា នឹងបង្កើតពានថ្មីមួយ ដើម្បីធ្វើជារង្វាន់ក្នុងពិធីចាប់ឆ្នោត World Cup ជំនាន់ទី២៣ ដែលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌល John F. Kennedy Center ស្ថិតក្នុងរដ្ឋ Washington, DC។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រមុខ FIFA លោក Gianni Infantino ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ msn បានឱ្យដឹងថា «នៅក្នុងពិភពបែកបាក់ និងពោរពេញទៅដោយជម្លោះ វាជាមូលដ្ឋានគ្រឹះ ក្នុងការទទួលស្គាល់បុគ្គលឆ្នើម ដែលខិតខំប្រឹងប្រែង ដើម្បីបញ្ចប់បញ្ហាស្មុគស្មាញទាំងនេះ និងបង្រួបបង្រួមសន្តិភាពឡើងវិញ»។
បាល់ទាត់ តំណាងឱ្យសន្តិភាព និងក្នុងនាមសហគមន៍បាល់ទាត់ទូទាំងសកលលោកទាំងមូល។ ដូច្នេះពាន «FIFA Peace Prize Award នឹងផ្តល់ជូនចំពោះបុគ្គលដែលប្រឹងប្រែងផ្សះផ្សាសន្តិភាពឡើងវិញ ដើម្បីនាំមកនូវក្តីសង្ឃឹមសម្រាប់មនុស្សជាតិជំនាន់ក្រោយ»។
បើយោងតាមអ្នកាសែត Ben Jacobs លោក ដូណាល់ ត្រាំ នឹងមានវត្តមានក្នុងពិធីចាប់ឆ្នោតនោះ ហើយត្រូវបានគេគិតថា គឺជាបុរសតែម្នាក់គត់ដែលស័ក្តិសម ក្នុងការទទួលបានពាន FIFA Peace Prize ក្រោយពេលខកចិត្តពីពាន ណូបែលសន្តិភាព Nobel Peace Prize កាលពីខែតុលាមក៕



