ជក់ចិត្តខ្លាំង! ព្រះខ័នរាជ ភ្លាត់ស្មើ Johor Darul Ta’zim FC ចុងម៉ោង ២-២ ក្នុងជើងឯកក្លិបអាស៊ាន
04-12-2025 21:29
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានប្រកួតស្មើក្រុមខ្លាំងលំដាប់កំពូលតំបន់ និងទ្វីបអាស៊ី Johor Darul Ta’zim FC របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-២ នៃកម្មវិធីជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ នៅពហុកីឡដ្ឋានជាតិមរកតតេជោ។
ជំនួបដ៏កក្រើកនេះ បន្ទាប់ពីចាប់ផ្ដើមបាន ៣០នាទី កីឡាករ Cristian Roque បានស៊ុតគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ១គ្រាប់ មុនមិត្តរួមក្រុមកីឡាករ ញាណ សុស៊ីដាន បន្ថែមគ្រាប់ទី២ នៅនាទី៣៨ ក្រោយការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Peprah Kwame។ បន្ទាប់មកក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង Johor Darul Ta’zim FC បានវាយបក ២គ្រាប់វិញ ដោយកីឡាករ Lowry នៅនាទី៩០+២ និងកីឡាករ La'Vere Corbin-Ong នៅនាទី៩០+៦។
ទោះភ្លាត់ស្មើចុងម៉ោងយ៉ាងណា តែអ្នកគាំទ្របានសម្ដែងនូវការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការនាំមុខគីឡូធ្ងន់លំដាប់ទ្វីប ដែលជាបេក្ខភាពលេងវគ្គ ១៦ក្រុមចុងក្រោយ នៃជើងឯកក្លិបទ្វីបអាស៊ី AFC Champions League Elite 2025/26 នេះ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យព្រះខ័នរាជ
ស្វាយរៀង ធ្លាក់មកឈរលេខ៣ រកបាន ៤ពិន្ទុ គ្រាដែលក្រុម Johor Darul Ta’zim FC បន្ដឈរកំពូលតារាងរកបាន ៧ពិន្ទុ និងក្រុម Nam Dinh របស់វៀតណាម បានឡើងមកឈរលេខ២ រកបាន ៦ពិន្ទុ៕








