ក្រុមក្បែរបាតតារាង West Ham រារាំង Man Utd ឡើងឈរ Top-5 ព្រោះ ១គ្រាប់ចុងម៉ោងរបស់ Magassa

05-12-2025 09:01

(បរទេស)៖ បិសាចក្រហម Manchester United បានខកខានឱកាសឡើងឈរលេខ៥ ក្នុងតារាងពិន្ទុ Premier League នៅពេលក្រុមភ្ញៀវ West Ham United តាមស្មើ ១-១ ចុងម៉ោងយប់មិញនេះនៅកីឡដ្ឋាន Old Trafford នៃសប្តាហ៍ទី១៤។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើ Diogo Dalot ជាអ្នករកបានគ្រាប់នាំមុខនៅនាទី៥៨ និងជាគ្រាប់ដំបូងរបស់គេដែរក្នុងលីគកំពូលអង់គ្លេសរដូវកាល ២០២៥-២៦ ក្នុងរយៈពេលជាង ២ឆ្នាំ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៧ម៉ឺននាក់។

នេះមានន័យថា ប្រសិនបើឈ្នះពួកគេនឹងមាន ២៤ពិន្ទុឡើងទៅឈរលេខ៥ វិញផងដែរ មុនពេល Magassa ជាអ្នករកបានគ្រាប់តាមស្មើឱ្យញញួរធំ មុនពេលត្រឡប់ទៅផ្ទះវិញ បើទោះបីជា West Ham បន្តស្ថិតក្នុងតំបន់គ្រោះថ្នាក់ដដែលជាមួយនឹង ១២ពិន្ទុ ចាញ់ប្រៀប Leeds United ២ពិន្ទុពីតំបន់មានសុវត្ថិភាព ហើយ Man Utd បានត្រឹមឈរលេខ៨ បណ្តោះអាសន្ន។

ទោះជាយ៉ាងណា វាជាកំណត់ត្រាស្មើលើកទី៤ ក្នុងលីគរដូវកាលនេះរបស់ក្រុមលោក Ruben Amorim និងទើបរកបានជ័យជម្នះ ១លើកគត់ ក្នុងចំណោមលេង ៥ប្រកួតចុងក្រោយ៕