អ៉ីរ៉ង់ ចូលរួមក្នុងពិធីចាប់ឆ្នោត World Cup 2026 ល្ងាចនេះ ក្រោយគំរាមធ្វើពហិការ

05-12-2025 09:49

(បរទេស)៖ មន្រ្តីកីឡានៃប្រទេសអ៉ីរ៉ង់ នឹងមានវត្តមានក្នុងកម្មវិធីចាប់ឆ្នោតបែងចែកពូលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នាថ្ងៃសុក្រនេះនៅសហរដ្ឋអាមេរិក ក្រោយគំរាមធ្វើពហិការរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ដំបូងឡើយប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ បានដាក់សំណើសុំទិដ្ឋាការ ៩នាក់ ក៏ប៉ុន្តែត្រូវបានកាត់បន្ថយមកនៅត្រឹម ៤នាក់ ដោយក្នុងនោះដែរមានទាំងលោក Mehdi Taj ប្រធានសហព័ន្ធបាល់ទាត់អ៉ីរ៉ង់ (FFIRI) ទៀតផង ពីការបដិសេធ។

លោក Taj បាននិយាយជាមួយប្រធាន FIFA គឺលោក Gianni Infantino ក្នុងសប្តាហ៍នេះហើយថា «នឹងពុំមានបេក្ខជនណាមួយពីអ៉ីរ៉ង់ចូលរួមក្នុងពិធីចាប់ឆ្នោតឡើយ ដរាបណាបញ្ហាទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក ត្រូវបានដោះស្រាយនោះ»

ទោះជាបែបនេះក្តី លោក Amir Ghalenoi អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ រួមទាំងលោក Omid Jamali ប្រធានទំនាក់ទំនងរបស់ FFIRI ក៏បានធ្វើដំណើរទៅដល់អាមេរិក ដើម្បីចូលរួមពិធីនេះរួចរាល់ហើយដែរ។

ពិធីចាប់ឆ្នោតបែងចែកទាំង ១២ពូល ក្នុងចំណោម ៤៨ប្រទេសសរុប នឹងធ្វើឡើងនៅឯរដ្ឋ Washington DC នាម៉ោង ១៧៖០០នាទីល្ងាច (ម៉ោងនៅអាមេរិក) នាថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៥។

អ៉ីរ៉ង់ ទទួលបានកៅអី១ ក្នុងការឡើងទៅលេងជុំចុងក្រោយនៃ World Cup ជាលើកទី៧ របស់ពួកគេ និងជាលើកទី៤ ជាប់ៗគ្នាផងដែរ ក្នុងនាមក្រុមលេងតំណាងទ្វីបអាស៊ី ក្រោយឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញរួចមក។ អាមេរិកដែលជាសហម្ចាស់ផ្ទះ WC26 ជាមួយកាណាដា និងមិចស៊ិក ជំនាន់ទី២៣ បានរឹតត្បឹតទិដ្ឋាការទៅលើប្រទេសអ៉ីរ៉ង់ ក្រោមហេតុផលនយោបាយ និងសន្តិសុខ ក្នុងចំណោម ១២ប្រទេសផ្សេងទៀត។

ស្ថិតក្រោមបម្រាមនេះ អ៉ីរ៉ង់តម្រូវឱ្យមានតែអត្តពលិក និងមន្រ្តីកីឡារបស់ពួកគេប៉ុណ្ណោះ ដែលអាចមកជាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីប្រកួត Word Cup និងកីឡាអូឡាំពិក នៅទីក្រុង Los Angeles នាឆ្នាំ២០២៨៕