EU បើកការស៉ើបអង្កេតលើក្រុមហ៊ុន Meta ខណៈមុខងារ AI ថ្មីលើ WhatsApp ប្រឈមការបិទដំណើរការ
05-12-2025 10:52
(បរទេស)៖ គណៈកម្មការអឺរ៉ុប (EU) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនចាប់ផ្តើមបើកការស៊ើបអង្កេតជាផ្លូវការលើក្រុមហ៊ុន Meta ខណៈមានការព្រួយបារម្ភថាក្រុមហ៊ុននេះ អាចនឹងកំពុងប្រើអំណាចទីផ្សាររបស់ខ្លួន ដើម្បីរារាំងដំណើរការរបស់ក្រុមហ៊ុនដែលជាគូប្រជែងផ្នែក AI នៅលើកម្មវិធី WhatsApp និង Messenger។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។
ចំណាត់ការនេះ ក៏ត្រូវបានគេរំពឹងថា អាចនាំទៅរកការបញ្ឈប់ដំណើរការទាំងស្រុងនូវមុខងារបញ្ញាសិប្បនិម្មិត AI នៅក្នុងកម្មវិធីផ្ញើសារ WhatsApp ជាបណ្តោះអាសន្នផងដែរ។ ការស៉ើបអង្កេតនេះ ដែលដំបូងឡើយត្រូវបានរាយការណ៍ដោយ Reuters និង Financial Times គឺជាសកម្មភាពចុងក្រោយបំផុត របស់និយតករសហភាពអឺរ៉ុបប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Amazon និង Google របស់ Alphabet ខណៈដែលប្លុកនេះស្វែងរកតុល្យភាពនៃការគាំទ្រសម្រាប់វិស័យបច្ចេកវិទ្យា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា។ សហភាពអឺរ៉ុបបានប្រកាសថា Meta អាចកំពុង «រំលោភច្បាប់ប្រឆាំង monopolization» ដោយមិនអនុញ្ញាតឱ្យអ្នកអភិវឌ្ឍ AI ពីក្រុមហ៊ុនផ្សេងៗ ចូលប្រើប្រាស់គន្លង API និងមុខងារហៅឆ្លើយសារ (interoperability features) នៅលើ WhatsApp។ Monopolization បានន័យថា ការគ្រប់គ្រងទីផ្សារតែឯង ឬ ការបង្កើតអំណាចដោយក្រុមហ៊ុន ឬអង្គភាពណាមួយ។ ការរារាំងបែបនេះអាចធ្វើឲ្យ Meta មានអត្ថប្រយោជន៍លើមុខងារខាង AI ក្នុងប្រព័ន្ធរបស់ខ្លួនឯង ដូចជា Meta AI Assistant។
ជុំវិញ ដំណឹងថា Meta បានឆ្លើយតបថា ក្រុមហ៊ុននឹងសហការជាមួយការស៊ើបអង្កេត និងថា «កម្មវិធី API និងប្រព័ន្ធស្រាវជ្រាវរបស់ពួកគេមានគោលបំណងរក្សាសុវត្ថិភាព និងភាពឯកជនរបស់អ្នកប្រើ»។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ EU បានផ្តល់ពេលវេលាដល់ Meta ៤ខែ ដើម្បីឆ្លើយតប និងបង្ហាញថាខ្លួនមិនបានរំលោភច្បាប់។ ប្រសិនបើ Meta ត្រូវបានគេរកឃើញថា មិនគោរពច្បាប់របស់សហភាពអឺរ៉ុប នៅនឹងរងការផាកពិន័យអាចឡើងដល់ ១០ភាគរយនៃប្រាក់ចំណូលសរុបលើពិភពលោករបស់ក្រុមហ៊ុន៕











