ផ្លូវការ! ខ្សែការពារស្តាំ Arnold នឹងអវត្តមាន ២ខែឯណោះ ដោយសាររបួសភ្លៅ
05-12-2025 11:02
(បរទេស)៖ កីឡាករអន្តរជាតិអង់គ្លេស Trent Alexander-Arnold នឹងអវត្តមានពីក្លឹប Real Madrid ប្រមាណ ២ខែ ឡើងទៅ ក្រោយរងរបួសភ្លៅជាទម្ងន់ នៅអំឡុងជួយអធិរាជយកឈ្នះ Athletic Club កាលពីរាត្រីថ្ងៃពុធ នៅក្របខណ្ឌ La Liga។
Arnold ដែលទើបលេងបាន ១១ប្រកួតគ្រប់កម្មវិធីជាមួយ Real នារដូវកាលនេះ ជាអ្នកបោះបាល់ឱ្យ Kylian Mbappe បញ្ចប់ទីគ្រាប់ទី១ មុនពេលរងរបួស និងត្រូវបានប្តូរចេញនៅពេលចាប់ផ្តើមលេងវគ្គទី២ ទើបតែបានជាង ១០នាទី ក្នុងជ័យជម្នះ ៣ទល់នឹង០ នៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញ។
ប្រភពជាច្រើនបានបញ្ជាក់ប្រាប់ BBC Sport ថា កីឡាករវ័យ ២៧ឆ្នាំ Arnold នឹងស្ថិតនៅក្រៅទីលានយ៉ាងហោចណាស់ក៏ ២ខែឡើងទៅផងដែរ ដ្បិតរូបគេធ្លាប់អវត្តមាន ៦សប្តាហ៍ម្តងមកហើយ ជាមួយនឹងបញ្ហារបួសសរសៃពួរ។
ទន្ទឹមគ្នានោះមិត្តរួមក្រុមសញ្ជាតិអេស្ប៉ាញ Dani Carvajal ក៏បានអវត្តមានពី Real រហូតដល់ដើមឆ្នាំ២០២៦ ស្របពេលខ្សែបម្រើអ៊ុយរូហ្គាយ Federico Valverde នឹងត្រូវបង្ខំចិត្តប្តូរមកលេងតំបន់ការពារសម្រាប់ក្រុមរបស់លោក Xabi Alonso វិញ៕



