Apple ទាញយកប្រធានផ្នែកច្បាប់ Meta មកកាន់កាប់តំណែងកំពូល ក្នុងចំណោមការផ្លាស់ប្តូរថ្នាក់ដឹកនាំជាបន្តបន្ទាប់
05-12-2025 12:16
(បរទេស)៖ ក្រុមហ៊ុន Apple បានធ្វើការប្រកាសផ្លាស់ប្ដូរថ្នាក់ដឹកនាំដ៏គួរឱ្យកត់សម្គាល់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបានតែងតាំងលោកស្រី Jennifer Newstead ដែលបច្ចុប្បន្នជាប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Meta Platforms មកកាន់តំណែងជា ប្រធានផ្នែកច្បាប់ (General Counsel) និង អនុប្រធានជាន់ខ្ពស់ របស់ខ្លួន។ លោកស្រី Newstead ធ្លាប់មានបទពិសោធន៍ជាទីប្រឹក្សាច្បាប់នៃក្រសួងការបរទេសអាមេរិក ហើយនឹងចាប់ផ្តើមបម្រើការនៅខែមករា មុននឹងឡើងកាន់តំណែងជាប្រធានផ្នែកច្បាប់ពេញលេញនៅខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងបរិបទនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំសំខាន់ៗជាច្រើន ដោយក្នុងនោះមានទាំងការចូលនិវត្តន៍របស់ឥស្សរជនសំខាន់ៗរបស់ Apple ពីររូប។ លោកស្រី Kate Adams ដែលកាន់តំណែងជាប្រធានផ្នែកច្បាប់តាំងពីឆ្នាំ២០១៧ នឹងចូលនិវត្តន៍នៅចុងឆ្នាំក្រោយ (២០២៦) បន្ទាប់ពីបញ្ចប់ការផ្ទេរតួនាទី។ ទន្ទឹមគ្នានោះដែរ លោកស្រី Lisa Jackson ដែលជាអនុប្រធានផ្នែកបរិស្ថាន គោលនយោបាយ និងគំនិតផ្តួចផ្តើមសង្គម ក៏នឹងចូលនិវត្តន៍នៅចុងខែមករាខាងមុខផងដែរ។
ចំណែកឯការផ្លាស់ប្តូររវាងក្រុមហ៊ុនវិញ កើតឡើងស្របពេលជាមួយគ្នានោះ លោក Alan Dye ដែលជាប្រធានផ្នែករចនាដ៏យូរលង់របស់ Apple ត្រូវបានតែងតាំងជា ប្រធានផ្នែករចនា (Chief Design Officer) នៅក្រុមហ៊ុន Meta។ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ក្រុមហ៊ុន Apple ក៏បានប្រកាសថា អង្គភាពកិច្ចការរដ្ឋាភិបាលរបស់ខ្លួន នឹងត្រូវ បង្រួបបង្រួម ចូលទៅក្នុងតួនាទីជាប្រធានផ្នែកច្បាប់ ដែលនឹងត្រូវដឹកនាំដោយលោកស្រី Newstead បន្ទាប់ពីលោកស្រី Adams ចូលនិវត្តន៍៕











